BRICS និងគោលដៅរួមគ្នាពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ

(VOVWORLD) - កិច្ចប្រជុំកំពូលលើកទី ១៥ ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មីទាំង ៥លើពិភពលោក (BRICS) បានបិទកាលពីថ្ងៃទី ២៤ សីហា នៅទីក្រុង Johannesburg (ប្រទេសអាហ្វ្រិកខាងត្បូង) បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ២២-២៤ ខែសីហា)។ កិច្ចប្រជុំបានសម្រេចចិត្តពង្រីកប្លុក ពង្រឹងកម្លាំងសេដ្ឋកិច្ចដើម្បីសម្រេចបាននូវគោលដៅរួមគ្នាពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព។

BRICS និងគោលដៅរួមគ្នាពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1រូបថតឧទាហរណ៍៖ brics-russia

BRICS រួមមានខឿនសេដ្ឋកិច្ចដែលទើបលូតលាស់ចំនួន៥របស់ពិភពលោកនោះគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ អាស្រ័យលើគុណសម្បត្តិខាងចំនួនប្រជាជន ទីតាំងភូមិសាស្រ្ត និងកម្លាំងផ្ទៃក្នុងនៃខឿនសេដ្ឋកិច្ចសមាជិកនានា BRICS មានឋានៈ និងឥទ្ធិពលកាន់តែទូលំទូលាយលើទូទាំងពិភពលោក។

ឯកភាពបង្កើនចំនួនសមាជិកទ្វេដង

នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលលើកទី១៥ (ថ្ងៃទី ២៤ ខែសីហា) មេដឹកនាំ BRICS បានឯកភាពពង្រីកប្លុក ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែមានតម្លាភាពនិងទូលំទូលាយជាង ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ យុត្តិធម៌ និងសមធម៌។ ការពង្រីកប្លុកនាំមកនូវឥទ្ធិពលជាសកលសម្រាប់ BRICS ក្នុងបរិបទដែលការបែងចែកប៉ូលភូមិសាស្ត្រនយោបាយកំពុងជំរុញឱ្យរុស្ស៊ី និងចិននាំ BRICS ក្លាយទៅជាគូប្រជែងចំពោះលោកខាងលិច។

ប្រទេសចំនួន ៦ ដែលត្រូវបានអញ្ជើញឱ្យចូលជាសមាជិក BRICS រួមមាន៖ អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ បេក្ខជនថ្មីនឹងចូលជាសមាជិកនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤។

នេះជាលើកទី២ហើយ ដែល BRICS សម្រេចចិត្តពង្រីកប្លុក។ បន្ទាប់ពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ក្នុងឆ្នាំ ២០១០ ប្លុកនេះបានទទួលយកអាហ្វ្រិកខាងត្បូងចូលជាសមាជិក។ បច្ចុប្បន្ននេះ BRICS ស្រូបយកប្រហែល ៤០% នៃចំនួនប្រជាជនពិភពលោក ហើយរួមវិភាគទានជាងមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ការសម្រេចចិត្តពង្រីកប្លុក BRICS មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់សាធារណមតិនោះទេ ព្រោះកាលពីមុនបណ្តាប្រទេសជាសមាជិក BRICS បានសម្តែងជាសាធារណៈនូវការគាំទ្រចំពោះផែនការពង្រីកប្លុក ប៉ុន្តែបញ្ហាប្រឈមស្ថិតនៅលើទស្សនៈដ៏ខុសប្លែកគ្នារវាងប្រទេសសមាជិកអំពីស្តង់ដារ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីរបស់ក្រុមដែលបានពង្រីក។

BRICS និងគោលដៅរួមគ្នាពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 2ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល BRICS។ (រូបថត៖ BRICS)

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ១៥ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានឲ្យដឹងថា BRICS ត្រៀមខ្លួនជាស្រេចពង្រីកប្លុក ក្នុងបរិបទដែលគេកំពុងចង់មានឥទ្ធិពលកាន់តែទូលំទូលាយក្នុងការកំណត់រូបរាងនៃសណ្ដាប់ធ្នាប់ពិភពលោក។ ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាក់ថា BRICS គឺជាកម្លាំងដ៏សំខាន់ក្នុងការកំណត់រូបរាងនៃបរិបទអន្តរជាតិក្នុងពេលដែលពិភពលោកកំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរថ្មី។ ប្លុកត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ បរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ BRICS អនុញ្ញាតឲ្យប្រទេសជាច្រើនចូលរួមគ្រួសារ BRICS ប្រមូលផ្តុំប្រាជ្ញា និងកម្លាំង ព្រមទាំងជំរុញការអភិវឌ្ឍអភិបាលកិច្ចសកល តាមទិសដៅសមធម៌ និងសមហេតុផលជាងមុន។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបញ្ជាក់សារជាថ្មីនូវការគាំទ្រដ៏ខ្លាំងចំពោះការបើកទ្វារឲ្យសមាជិកថ្មី ហើយស្វាគមន៍ការអនុវត្តកិច្ចការនេះដោយផ្អែកលើភាពឯកឆន្ទ។

អនុវត្តន៍ជាក់ស្ដែងជាជំហានៗនូវយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ BRICS

BRICS ស្រូបយកប្រហែល ៤០% នៃចំនួនប្រជាជន ជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុបសកល (GDP) ហើយដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោក។ កិច្ចសហប្រតិបត្តិការពហុវិស័យក្នុងក្របខ័ណ្ឌ BRICS មិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវកំណើនប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសកលជាទូទៅផងដែរ។

នៅក្នុងកិច្ចប្រជុំលើកនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងស្រាវជ្រាវពីការបង្កើតផ្លាតហ្វមសហប្រតិបត្តិការអំពីកម្មវិធីនិងទិន្នន័យផ្កាយរណបជាសកល BRICS ដើម្បីជួយឧបត្ថម្ភនូវទិន្នន័យសម្រាប់វិស័យកសិកម្ម ការអភិរក្សអេកូឡូស៊ី និងការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនៅប្រទេសជាច្រើន។ លើសពីនេះទៅទៀត ប្រទេសនេះក៏នឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាបង្កើតក្របខ័ណ្ឌ BRICS សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា លោកនឹងជំរុញការអនុវត្តយ៉ាងជាក់ស្ដែងថែមទៀតនូវយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច BRICS ដល់ឆ្នាំ ២០២៥ និងអភិវឌ្ឍន៍ផែនការសហប្រតិបត្តិការរយៈពេលវែងថ្មី។ មួយក្នុងនោះគឺការពង្រឹងតួនាទីរបស់ប្រទេសជាសមាជិកក្នុងប្រព័ន្ធរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរធនាគារ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងប្រតិបត្តិការពន្ធ គយ ហើយប្រឆាំងនឹងការផ្ដាច់មុខ ក៏ដូចជាបង្កើនការអភិវឌ្ឍទំនាក់ទំនងមនុស្សធម៌ជាទូទៅផងដែរ។

នៅក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាចកាន់តែមានសភាពកាចសាហាវ ហើយស្ថានការណ៍ពិភពលោកកាន់តែមានការបែងចែងប៉ូលនោះ អ្នកជំនាញជាច្រើនបានចាត់ទុកថា ការលេចឡើងនៃ BRICS កំពុងបង្ហាញពីលទ្ធភាពផ្លាស់ទីអំណាចពីអឌ្ឍគោលខាងជើងទៅអឌ្ឍគោលខាងត្បូង និងការរីកចម្រើនកាន់តែខ្លាំងនៃប្រទេសកំពុងលេចចេញនិងប្រទេសកំពុងអភិវឌ្ឍន៍។ ការពង្រីក BRICS ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងប្លុកអាចបង្កើតតុល្យាភាពថ្មី ជួយរក្សាតុល្យភាពជាមួយនឹងឥទ្ធិពលរបស់ប្រទេសលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ ប្រការដ៏សំខាន់នោះគឺប្រទេសនានាចាំបាច់ត្រូវបង្កើនដំណោះស្រាយ ដើម្បីកសាងទំនុកចិត្ត ចុះសម្រុងគ្នានូវផលប្រយោជន៍ ជំរុញកិច្ចសហប្រតិបត្តិការជំនួសឱ្យការបង្កើនការប្រកួតប្រជែង ដើម្បីរួមគ្នាពន្លឿនល្បឿនអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ