WB៖ សេដ្ឋកិច្ច​វៀតណាម​ស្តារ​ឡើងវិញ​បាន​យ៉ាង​ល្អ​ ក្នុង​បរិបទ​នៃអសន្តិសុខសកល​

Chia sẻ
(VOVWORLD) - របាយការណ៍ធ្វើបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែសីហាដែលធនាគារពិភពលោក (WB) ទើបតែប្រកាស បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបន្តស្តារឡើងវិញ ថ្វីត្បិតតែអតិផរណាសកលកើនឡើងខ្ពស់ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗក៏ដោយ។
WB៖ សេដ្ឋកិច្ច​វៀតណាម​ស្តារ​ឡើងវិញ​បាន​យ៉ាង​ល្អ​ ក្នុង​បរិបទ​នៃអសន្តិសុខសកល​ - ảnh 1រូបភាព៖ tapchitaichinh.vn

WB បានឲ្យដឹងថា ផលិតកម្មឧស្សាហកម្ម ដែលជាកម្លាំងចលករសំខាន់មួយនៃខឿនសេដ្ឋកិច្ចវៀតណាម បន្តបង្ហាញពីសន្ទុះនៃការងើបឡើងវិញ។ ជាក់ស្តែង ផលិតកម្មឧស្សាហកម្មនិងការលក់រាយ មានកំណើនខ្ពស់ក្នុងរយៈពេល ២ខែជាប់ៗគ្នា ដោយបានកើនឡើង ១៥,៦% និងជាង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វិស័យដ៏ស្វាហាប់បំផុតគឺមុខទំនិញអេឡិចត្រូនិក និងមធ្យោបាយដឹកជញ្ជូន។ សន្ទស្សន៍នៃការគ្រប់គ្រងកម្លាំងទិញ (PMI) ក្នុងវិស័យផលិតកម្ម និងកែច្នៃ បន្តកើនឡើងនៅខែទី ១១ ជាប់ៗគ្នា ដោយបានកើនឡើង ៥២,៧% ក្នុងខែសីហា។

យោងតាមទិន្នន័យរបស់ WB ការលក់រាយបន្តស្តារឡើងវិញ។ គួរកត់សម្គាល់ថា បំណូលពីការលក់សេវាកម្មប្រើប្រាស់បានកើនឡើង ៣ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បំណូលពីការលក់សេវាកម្មស្នាក់នៅ និងម្ហូបអាហារបានកើនឡើងជាង ១៨៥% ; សេវាកម្មធ្វើដំណើរក៏បានចាប់ផ្តើមអភិវឌ្ឍន៍ ដោយជិតសម្រេចបានកម្រិតមុនពេលមានជំងឺរាតត្បាត; ការលក់ទំនិញនៅតែធានាបានកំណើនល្អនៅកម្រិត ៣១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តុល្យភាពពាណិជ្ជកម្មទំនិញបានកត់ត្រាកម្រិតអតិរេក ២,៤ ពាន់លានដុល្លារ ក្នុងខែសីហា។

ទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) បរិមាណដើមទុនដែលបានបើកចំណាយនៅតែវិជ្ជមាន។ តាមនោះ ដើមទុន FDI ដែលបានបើកចំណាយក្នុងខែសីហាបានកើនឡើង ១៣,៩% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកត់សម្គាល់និន្នាការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៩ខែ កន្លងទៅ។ ទន្ទឹមនឹងនោះ អតិផរណា CPI បានធ្លាក់ចុះបន្តិច មកត្រឹម ២,៩% ក្នុងខែសីហា ដោយសារតម្លៃប្រេងឥន្ធនៈធ្លាក់ចុះ៕


ប្រតិកម្មទៅវិញ