អ៊ីរ៉ាក់បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីប្រឆាំងជំទាស់ការវាយប្រហារតាមអាកាស

Chia sẻ
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសអ៊ីរ៉ាក់បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានរំលោភទាំងកំរោលលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់និងដើរផ្ទុយទៅវិញនឹងបេសកកម្មដែលបានព្រមព្រៀងគ្នានៃសម្ព័ន្ធមិត្តអន្តរជាតិ។
អ៊ីរ៉ាក់បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីប្រឆាំងជំទាស់ការវាយប្រហារតាមអាកាស - ảnh 1បាតុករអ៊ីរ៉ាក់ប្រមូលផ្ដុំគ្នានៅជុំវិញស្ថានទូតអាមេរិកដើម្បីប្រឆាំងជំទាស់នឹងការវាយប្រហារតាមជើងអាកាសកាលពីសប្ដាហ៍កន្លងទៅ (រូបថត៖ ANI News) 

ក្រសួងការបរទេសអ៊ីរ៉ាក់នាថ្ងៃទី ៥ ខែមករាបានឲ្យដឹងថា ពួកគេបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងបាកដាដលោក Matthew Tueller ដើម្បីប្រឆាំងជំទាស់ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដកាលពីថ្ងៃទី ៣ ខែមករា ដែលបានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ ១ រូប។ នៅក្នុងសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសអ៊ីរ៉ាក់បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានរំលោភទាំងកំរោលលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់និងដើរផ្ទុយទៅវិញនឹងបេសកកម្មដែលបានព្រមព្រៀងគ្នានៃសម្ព័ន្ធមិត្តអន្តរជាតិ។

មុននោះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការសម្លាប់មេបញ្ជាការនៃអង្គភាព Quds របស់អ៊ីរ៉ង់លោក Quasem Soleimani និងមេបញ្ជាការនៃកងកម្លាំង Hashel al-Shaabi របស់អ៊ីរ៉ាក់លោក Husssaini ក្នុងការវាយប្រហារតាមអាកាសនេះ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះគឺជាអំពើបង្ករឿងហេតុប្រឆាំងនឹងអ៊ីរ៉ាក់និងការរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់។ នេះនឹងនាំឱ្យមានសង្គ្រាមនៅអ៊ីរ៉ាក់ ក្នុងតំបន់និងលើពិភពលោក។

ទន្ទឹមនឹងនោះ នាថ្ងៃដដែល សភាអ៊ីរ៉ាក់បានអនុម័តលើសេចក្ដីសម្រេចចិតមួយដែលស្នើឱ្យរដ្ឋាភិបាលប្រទេសនេះបញ្ឈប់វត្តមានរបស់កងកម្លាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីធានាមិនឲ្យមានកងកម្លាំងបរទេសណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដែនដី ដែនអាកាសនិងដែនទឹករបស់អ៊ីរ៉ាក់ដោយហេតុផលណាមួយឡើយ៕

ប្រតិកម្មទៅវិញ