លោកស្រី Kim Yo Jong សមាជិកគណៈកម្មការកិច្ចការរដ្ឋនៃស.ប.បកូរ៉េ ។ រូបថត៖ AP |
នៅក្នុងកិច្ចប្រជុំនៅខេត្ត Nagano ប្រទេសជប៉ុន តំណាងនៃប្រទេសទាំងបីនឹងពិភាក្សាអំពីវិធានការដើម្បីរក្សាកិច្ចសហប្រតិបត្តិការត្រីភាគីបន្ទាប់ពីការសាកល្បងមីស៊ីលរបស់ ស.ប.បកូរ៉េ ជាពិសេសបន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីបនៅថ្ងៃទី ១២ ខែកក្កដា ដែលជាការបាញ់បង្ហោះលើកទី ១២ របស់ស.ប.បកូរ៉េចាប់តាំងពីដើមឆ្នាំ ២០២២មក។ ការពិភាក្សាក៏ត្រូវបានរំពឹងថានឹងរួមបញ្ចូលការជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ និងការលើកទឹកចិត្តឲ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកការចរចាជាក់ស្តែង។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី ១៧ ខែកក្កដា បានដកស្រង់សម្តីរបស់លោកស្រី Kim Yo Jong សមាជិកគណៈកម្មការកិច្ចការរដ្ឋនៃស.ប.បកូរ៉េ បានព្រមានសហរដ្ឋអាមេរិកត្រូវជៀសវាង "សកម្មភាពបង្ករឿងហេតុ"ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។ ការអត្ថាធិប្បាយរបស់លោកស្រី Kim Yo Jong ត្រូវបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានឲ្យដឹងថា ប្រទេសនេះនៅតែព្រួយបារម្ភថា ស.ប.បកូរ៉េនឹងសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបម្តងទៀត។ លោកស្រី Kim Yo Jong ក៏បានរិះគន់ផែនការរបស់អាមេរិកក្នុងការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (SSGN) ទៅកាន់កូរ៉េខាងត្បូង ហើយបានអះអាងថា វិធានការរារាំងបែបនេះ នឹង “រុញច្រានទីក្រុងព្យុងយ៉ាងឱ្យឆ្ងាយពីតុចរចា" ៕