អ៊ីតាលីបាន​ប្តេជ្ញា​គាំទ្រ​អ៊ុយក្រែនដើម្បីចូលជា​សមាជិក​ EU

Chia sẻ
(VOVWORLD) - កាលពីម្សិលមិញ (១៣ ឧសភា) ប្រធានាធិបតីអ៊ុយក្រែន លោក Valodymyr Zelensky បានមកដល់រដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី និងមានជំនួបជាមួយថ្នាក់ដឹកនាំអ៊ីតាលី។ នៅទីនេះ មេដឹកនាំអ៊ុយក្រែនទទួលបានការសន្យាជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងយោធាដោយគ្មានដែនកំណត់ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លាថែមទៀតចំពោះគោលដៅចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU) របស់អ៊ុយក្រែន។
អ៊ីតាលីបាន​ប្តេជ្ញា​គាំទ្រ​អ៊ុយក្រែនដើម្បីចូលជា​សមាជិក​ EU - ảnh 1ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ។ ប្រភព៖ AP

ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយលោក Zelensky បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីអូសបន្លាយរយៈពេលជាងមួយម៉ោង នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បានសន្យាជាថ្មីម្តងទៀត ពីការគាំទ្របំណងប្រាថ្នាចូលរួម EU របស់អ៊ុយក្រែន ដោយកត់សម្គាល់ថា អ៊ុយក្រែនកំពុងធ្វើកំណែទម្រង់ចាំបាច់ ថ្វីបើមានសង្គ្រាមក៏ដោយ។ លោកនាយករដ្ឋមន្ត្រី Meloni បានប្រកាសថា អ៊ីតាលីនឹងគាំទ្រអ៊ុយក្រែន “គ្រប់ពេលវេលាចាំបាច់និងលើសពីនេះទៅទៀត”។

មុននោះ នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានជួបជាមួយសមភាគីអ៊ីតាលី លោក Sergio Mattarella នៅវិមាន Quirinale។ បន្ទាប់ពីជំនួបនេះ ប្រធានាធិបតីអ៊ីតាលីលោក Mattarella បានធានាជាមួយមេដឹកនាំអ៊ុយក្រែនថា ទីក្រុងរ៉ូមនឹងបន្តជួយឧបត្ថម្ភទីក្រុងគៀវ អំពីយោធា និងហិរញ្ញវត្ថុ ក៏ដូចជាការកសាងឡើងវិញ និងជំនួយមនុស្សធម៌ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

នាថ្ងៃទី ១៣ ខែឧសភានេះដែរ បុរី Vatican បានប្រកាសថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបសវនការដោយឡែកជាមួយសម្ដេចប៉ាប Francis។ ក្នុងជំនួបអូសបន្លាយរយៈពេល៤០នាទី ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទាក់ទិនដល់ស្ថានភាពមនុស្សធម៌ និងនយោបាយនៅអ៊ុយក្រែន។

បញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ីតាលី នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ (ម៉ោងក្នុងស្រុក) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានមកដល់ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអ៊ុយក្រែនទៅកាន់ប្រទេសអាឡឺម៉ង់ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប ដែលកំពុងស្វែងរកការបង្កើនជំនួយឧបត្ថម្ភសម្រាប់ទីក្រុងគៀវ៕

 

ប្រតិកម្មទៅវិញ