ទិដ្ឋភាពនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ TTXVN) |
នៅព្រឹកថ្ងៃទី ២០ ខែតុលា សម័យប្រជុំលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ បានបើកយ៉ាងឱឡារិកតាមប្រព័ន្ធអ៊ីនធឺរណែត។ ពិធីបើកត្រូវបានផ្សាយតាមអ៊ិនធឺរណែតតភ្ជាប់បណ្តាញពីទីស្នាក់ការរដ្ឋសភារហូតដល់ទីតាំងប្រជុំរបស់គណៈប្រតិភូរដ្ឋសភាតាមខេត្ត ក្រុងចំនួន ៦២ ចំណុច។ ចូលរួមពិធីបើកនៅសាលប្រជុំ Dien Hong (នៃទីក្រុងហាណូយ) មានអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, ប្រធានរដ្ឋលោក Nguyen Xuan Phuc, នាយករដ្ឋមន្រ្តី លោក Pham Minh Chinh, ប្រធានរដ្ឋសភា លោក Vuong Dinh Hue ភ្ញៀវកិត្តិយសអន្តរជាតិនិងសមាជិកសភានីតិកាលទី ១៤។
នៅក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺកូវីដ -១៩ នេះ សម័យប្រជុំរដ្ឋសភាបានចំណាយពេលស្មឹងស្មាតមួយនាទី រំលឹកដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិ និងកម្មាភិបាលដែលបានស្លាប់ដោយ សារការរីករាលដាលនៃជំងឺកូវីដ ១៩។
នៅក្នុងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់លើបរិបទដ៏លំបាករបស់ប្រទេសជាតិមុននឹងពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី ២ នេះ។ យ៉ាងណា មិញ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ លើកទី ៤ បានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច ដល់សង្វាក់ផ្គត់ផ្គង់ ផលិតកម្ម ព្រមទាំងផលប៉ះពាល់អវិជ្ជមានលើការងារនិងជីវភាពរស់នៅរបស់ពលករ។ ថ្វីត្បិតដូច្នេះក៏ដោយ ការចូលរួមយ៉ាងសកម្មនៃប្រព័ន្ធនយោបាយទាំងមូលនិងកិច្ចខិតខំប្រឹងប្រែងពីគ្រប់ជាន់ថ្នាក់មូលដ្ឋាន កងទ័ពទាំងមូល ប្រជាជនទាំងមូល សហគមន៍ពាណិជ្ជកម្ម រួមទាំងការគាំទ្រពីប្រជាជននិងការគាំទ្រពីជនរួមជាតិនៅក្រៅប្រទេសនិងមិត្តភក្តិអន្តរជាតិ ជំងឺរាតត្បាតនេះត្រូវបានគ្រប់គ្រងជាបណ្តើរៗ នៅទូទាំងប្រទេស។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធីបើកសម័យប្រជុំ (រូបថត៖ TTXVN) |
“រដ្ឋសភាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការដឹកនាំយ៉ាងមឹងមាត់របស់រដ្ឋាភិបាល។ សូមកោតសរសើរនិងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងការរួមចំណែកដ៏ធំធេងនិងកាយវិការថ្លៃថ្នូររបស់ជនរួមជាតិនៅក្រៅប្រទេស កម្មាភិបាល យុទ្ធជន និង សហគមន៍អាជីវកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ឆ្លងកាត់ការលំបាកនិងបញ្ហាប្រឈម ប្រពៃណីសាមគ្គីភាព ស្នេហាជាតិ ភាពក្លាហាន ភាពធន់និងឆន្ទៈអង់អាចក្លាហានរបស់ប្រទេសជាតិ ប្រជាជាតិ កាន់តែបានពង្រីកខ្លាំងជាងពេលណាៗទាំងអស់។ រដ្ឋសភាសូមចែករំលែកយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់មនុស្សនិងទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាការលំបាកដែលប្រជាជនបានជួបប្រទះ ហើយសូមថ្លែងការដឹងគុណនិងលើកតម្កើងចំពោះជនរួមជាតិ កម្មាភិបាលយុទ្ធជននិងកងកម្លាំងជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត”។
ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសទាំងមូលក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាត រដ្ឋសភាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងទីភ្នាក់ងារពាក់ព័ន្ធដើម្បីចេញនូវសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន សំដៅបំពេញតម្រូវការបន្ទាន់ស្តីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ និងមានគោលនយោបាយជាក់ស្តែងជាច្រើន កៀរគរធនធាននិងគាំទ្រនិយោជិកនិងនិយោជកដែលមានចំនួនសរុបរហូតដល់ជិត ១០ ម៉ឺនពាន់លានដុង។ ដោយយោងទៅលើខ្លឹមសារនៃកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ “រដ្ឋសភានឹងពិចារណានិងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ២ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ៥ ព្រមទាំងពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៥ ផ្សេងទៀត។ រដ្ឋសភានឹងពិចារណាលើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងគម្រោងថវិកាជាតិឆ្នាំ ២០២១; ពិចារណានិងសម្រេចលើផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; គម្រោងថវិការដ្ឋនិងផែនការបែងចែកថវិកាមជ្ឈឹមឆ្នាំ ២០២២; ការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ និងការអនុវត្តសេចក្តីសម្រេចលេខ ៣០/២០២១/QH១៥ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៤ និងពិចារណា សម្រេចលើផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០២១-២០២៥”។
បន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue, នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានបង្ហាញរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២១; គម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅឆ្នាំ ២០២២ រួមទាំងការបង្ការទប់ស្កាត់ជំងឺកូវីដ -១៩ ទៀតផង៕