សម្តេចប៉ាប Francis។ (ប្រភព៖AP ) |
“សូមព្រះអង្គម្ចាស់ដឹកនាំយើងឱ្យរួបរួមគ្នា ដើម្បីជួយជីវិតអ្នកអភ័ព្វ...» សម្តេចប៉ាប Francis បាននិយាយនៅក្នុងសារបុណ្យណូអែល ពីព្រះវិហារ St.Peter នៅបុរីវ៉ាទីកង់ កំពុងរំលឹកដល់ជម្លោះកំពុងកើតមានឡើងនៅអ៊ុយក្រែន។ សម្តេចប៉ាបវ័យអាយុ ៨៦ ឆ្នាំរូបនេះ បានសំដៅទៅលើប្រជាជនអ៊ុយក្រែន ដែលកំពុងឆ្លងកាត់រដូវបុណ្យណូអែល “នៅក្នុងទីងងឹត ត្រជាក់ និងឃ្លាតឆ្ងាយពីផ្ទះ" ហើយបានសម្តែងការសោកសៅនៅពេលដែលប្រជាជនបន្តស៊ូទ្រាំនឹងជម្លោះ។ សម្តេចប៉ាប Francis ក៏បានផ្ញើសារជូនពរបុណ្យណូអែល ដោយអំពាវនាវរកជំនួយដល់ជនអនាថា ជនចំណាកស្រុក ជនភៀសខ្លួន ជនក្រីក្រ ដែលកំពុងខិតខំប្រឹងប្រែងស្វែងរកអាហារ និងភាពកក់ក្តៅ។ សម្តេចប៉ាបបានព្រមានថា វិបត្តិអូសបន្លាយរយៈពេល១០ខែក្នុងប្រទេសអ៊ុយក្រែនកំពុងបណ្តាលការកង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងជុំវិញពិភពលោក ជាពិសេសក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបណ្តាប្រទេសនៃតំបន់ Horn of Africa។
សម្តេចប៉ាប Francis បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការយកចិត្តទុកដាក់ដល់ប្រជាជនដែលកំពុងរងគ្រោះដោយជម្លោះ និងវិបត្តិមនុស្សធម៌ផ្សេងទៀត ដូចជានៅស៊ីរី ហៃទី ឬតំបន់ Sahel នៃទ្វីបអាហ្វ្រិក។ សារបុណ្យណូអែលរបស់សម្តេចប៉ាប ក៏បានអំពាវនាវឲ្យមានការចរចាឡើងវិញរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ជាប្រពៃណី សេចក្តីអំពាវនាវឱ្យមានសន្តិភាព គឺជាបញ្ហាស្នូលក្នុងសារបុណ្យណូអែលប្រចាំឆ្នាំរបស់សម្តេចប៉ាប៕