ស្ថានភាព​ក្នុង​ប្រទេស​​បារាំង​មាន​ស្ថិរភាពឡើងវិញ​​បន្ទាប់​ពី​​កុប្បកម្ម

Chia sẻ
(VOVWORLD) - គិតត្រឹមយប់ថ្ងៃទី ១ ខែកក្កដា (ម៉ោងក្នុងស្រុក) ស្ថានភាពនៅប្រទេសបារាំងមានស្ថិរភាពឡើងវិញហើយ។ ភាពតានតឹងដោយកុបកម្មមានតែក្នុងរដ្ឋធានីប៉ារីសប៉ុណ្ណោះ ខណៈនៅទីក្រុងធំៗដូចជា Marseille ដែលធ្លាប់ជាចំណុចកណ្តាលនៃអំពើហិង្សា មានការប៉ះទង្គិចគ្នាតិចតួចតែប៉ុណ្ណោះ។
ស្ថានភាព​ក្នុង​ប្រទេស​​បារាំង​មាន​ស្ថិរភាពឡើងវិញ​​បន្ទាប់​ពី​​កុប្បកម្ម - ảnh 1

ដើម្បីទប់ទល់នឹងកុបកម្មអូសបន្លាយរយៈពេលជាច្រើនថ្ងៃនៅក្នុងប្រទេសបារាំង អាជ្ញាធរបារាំងបានដាក់ពង្រាយប៉ូលីសចំនួន ៤៥.០០០ នាក់ ជាមួយនឹងរថពាសដែកមួយចំនួន អង្គភាពប៉ូលីសវរជន និងកងកម្លាំងសន្តិសុខផ្សេងទៀតនៅទូទាំងប្រទេសបារាំង។ យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire អាជ្ញាធរបារាំងនឹងដាក់ពង្រាយកងកម្លាំងសន្តិសុខបន្ថែមទៀតទៅកាន់ទីក្រុងនានាប្រសិនបើអំពើហិង្សានៅតែបន្ត។

កុប្បកម្មបានផ្ទុះឡើងក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅ ក្នុងប្រទេសបារាំង បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់កាលពីថ្ងៃទី ២៧ខែមិថុនា ដែលមិនគោរពបទបញ្ជារបស់ប៉ូលីសនៅពេលចូលរួមចរាចរណ៍។ កុបកម្មបានធ្វើឲ្យប៉ូលិសជាង ២០០នាក់រងរបួស។ រថយន្តជាង ១.៣៥០គ្រឿង និងអគារ ២៣៤ខ្នង ត្រូវបានដុតបំផ្លាញ អគ្គីភ័យចំនួន២.៥៦៩ បានឆាបឆេះនៅកន្លែងសាធារណៈ។ យោងតាមការស្ថិតិបឋម ប៉ូលិសបានចាប់ខ្លួនបាតុករជ្រុលនិយមជាង ១៣០០នាក់។

ដោយសារតែកុបកម្មហិង្សានៅក្នុងប្រទេស ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវលើកពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែកក្កដានេះ។ មុននោះ លោក Macron ក៏បានសម្រេចចិត្ត បញ្ចប់មុនកាលកំណត់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ដើម្បីវិលត្រឡប់ទៅប្រទេសដើម្បីដឹកនាំកិច្ចប្រជុំសន្តិសុខផងដែរ។

យោងតាមការវាយតម្លៃរបស់អ្នកជំនាញ ភាពចលាចលសង្គមក្នុងប្រទេសបារាំងកំពុងប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ប្រធានាធិបតី Macron ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេស៕

ប្រតិកម្មទៅវិញ