វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យហូឡង់ជួយឧបត្ថម្ភវៀតណាមកសាងខឿនកសិកម្មអេកូឡូស៊ី ទំនើប និងឆ្លាតវៃព្រមទាំងជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស សំដៅជួយវៀតណាមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា

នារសៀលថ្ងៃទី ១២ ធ្នូ នៅវិមាននាយករដ្ឋមន្ត្រីហូឡង់នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានដឹកនាំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់។ ក្នុងកិច្ចពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ និងអនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ព្រមទាំង បន្តអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព ។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យហូឡង់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) ឲ្យបានឆាប់ៗ; លើកទឹកចិត្តដល់អង្គភាពអាជីវកម្មហូឡង់ ជំរុញខ្លាំងការវិនិយោគនៅវៀតណាមលើវិស័យដែលហូឡង់មានប្រៀបខ្លាំង ដូចជាកំពង់ផែសមុទ្រ បច្ចេកវិទ្យាដំឡើងនាវា ការតភ្ជាប់ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យ ហូឡង់ គាំទ្រគណៈកម្មាការអឺរ៉ុបដកកាតលឿង IUU ចំពោះជលផលនាំចេញរបស់វៀតណាមឲ្យបានឆាប់ៗ ព្រមទាំងជួយវៀតណាមសាងសង់កំពង់ផែសមុទ្រ ព្រលានយន្តហោះ និងមជ្ឈមណ្ឌលនវានុវត្តភាព ហើយស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពលករឲ្យបានឆាប់ៗ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យហូឡង់ជួយឧបត្ថម្ភវៀតណាមកសាងខឿនកសិកម្មអេកូឡូស៊ី ទំនើប និងឆ្លាតវៃព្រមទាំងជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស សំដៅជួយវៀតណាមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋាភិបាលហូឡង់បន្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមធ្វើសមាហរណកម្មប្រកបដោយជោគជ័យនិងរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រទេសហូឡង់។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Mark Rutte បានអះអាងពីការគាំទ្រគណៈកម្មការអឺរ៉ុបដកកាតលឿង IUU ឲ្យបានឆាប់ៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ជួយឧបត្ថម្ភវៀតណាមលើបច្ចេកវិទ្យាធ្វើអាជីវកម្មខ្សាច់នៅលំហសមុទ្រ ទប់ស្កាត់ការរអិលបាក់ដី និងធ្វើវិសោធនកម្មច្បាប់ធនធានទឹកនៅវៀតណាម។

វៀតណាម-ហូឡង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 2ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាលឧត្តមសិក្សា

ភាគីទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ - ការពារជាតិ វប្បធម៌ - ទេសចរណ៍ គណនាគមន៍ដឹកជញ្ជូនបច្ចេកវិទ្យា - វិទ្យាសាស្ត្រ  ការអប់រំ - បណ្តុះបណ្តាល បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងនានា។ ភាគីទាំងពីរក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្រោយពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរស្តីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបណ្តុះបណ្តាលឧត្តមសិក្សា។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាលោក Jan Anthony Bruijn និងប្រធានសភាជាន់ទាបលោកស្រី Vera Bergkamp នៅទីក្រុងឡាអេ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគឺរវាងគណៈកម្មាធិការរដ្ឋសភានៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ