វៀតណាមនិងតុងហ្គាបង្កើតទំនាក់ទំនងការទូត

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ២១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រតុងហ្គា លោកស្រី Fekitamoeloa Utoikamanu បានរួមគ្នាធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងតុងហ្គា។ 

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅរវាងឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មនៃប្រទេសទាំងពីរប្រចាំនៅអង្គការសហប្រជាជាតិ។

វៀតណាមនិងតុងហ្គាបង្កើតទំនាក់ទំនងការទូត - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងតុងហ្គា។ រូបថត៖ VOV

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបានដាក់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ បំពេញផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពក្នុងតំបន់ និងពិភពលោក។

ដើម្បីលើកកម្ពស់សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើថា ភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយទន្ទឹមនឹងនោះពិចារណាបង្កើតយន្តការផ្លាស់ប្តូរទ្វេភាគីជាប្រចាំរវាងប្រទេសទាំងពីរ សំដៅបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសក្នុងវិស័យដែលមានសក្តានុពលច្រើនដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។ រដ្ឋមន្ត្រី Bui Thanh Son ក៏បានអញ្ជើញលោកស្រី Fekitamoeloa Utoikamanu មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសតុងហ្គា លោកស្រី Fekitamoeloa Utoikamanu បានសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ ដោយមានប្រសាសន៍ថា ភាគីទាំងពីរមានសក្តានុពលនិងឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ លោកស្រីបានសម្តែងនូវបំណងចង់ឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាទេសចរណ៍ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងជលផល។

ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយតុងហ្គា វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសសរុបចំនួន ១៩៣ នៅជុំវិញពិភពលោក។

ព្រះរាជាណាចក្រតុងហ្គា ជាប្រទេសកោះប៉ាស៊ីហ្វិកមួយ ដែលមានកោះតូចៗចំនួន ១៦៩កោះ ដោយមានផ្ទៃដីសរុបចំនួន៧៤៨ គីឡូម៉ែត្រការ៉ែ និងមានប្រជាជនជាង ១០០.០០០ នាក់ (ក្នុងឆ្នាំ ២០២២)៕

ប្រតិកម្មទៅវិញ