គណបក្សកាន់អំណាចនៅថៃ បញ្ជាក់ជាថ្មីពី​បំណងចង់ចូលរួម BRICS

Chia sẻ
(VOVWORLD) - ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណបក្សភឿថៃដែលកំពុងកាន់អំណាច លោកស្រី Nalini Thavisin នៅថ្ងៃទី ១៧ ខែមិថុនា បានអះអាងសារជាថ្មីអំពីគោលបំណងរបស់ប្រទេសថៃក្នុងការចូលរួមជាសមាជិកក្រុមប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើន - BRICS នាពេលខាងមុខ ហើយបានបង្ហាញពីឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសក្នុងក្រុម។

ថ្លែងក្នុងវេទិកាអន្តរភាគីអន្តរជាតិ ក្រោមប្រធានបទ “ពិភពលោកភាគច្រើនដើម្បីពិភពលោកពហុប៉ូល” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៨ ខែមិថុនា នៅទីក្រុង Vladivostok (រុស្ស៊ី) លោកស្រី Nalini Thavisin បានឲ្យដឹងថា ប្រទេសថៃបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស BRICS ក៏ដូចជាប្រទេសទាំងអស់ដែលគាំទ្រពហុភាគីនិយម និងមានបំណងចង់បានសន្តិភាព និងសន្តិសុខ។ ក្នុងនាមជាគណបក្សនយោបាយឈានមុខគេក្នុងប្រទេសថៃ លោកស្រីបានបង្ហាញពីគោលបំណងចង់ចូលរួមជាសមាជិក BRICS ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គណបក្សកាន់អំណាចនៅថៃ បញ្ជាក់ជាថ្មីពី​បំណងចង់ចូលរួម BRICS - ảnh 1រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានចូលរួម "កិច្ចសន្ទនា BRICS ជាមួយប្រទេសកំពុងអភិវឌ្ឍន៍" នៅថ្ងៃទី ១១ ខែមិថុនា។ រូបថត៖ BNG Thailand

មុននោះ កាលពីថ្ងៃទី១៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសថៃបានប្រគល់លិខិតមួយច្បាប់ទៅសមភាគីរុស្ស៊ីគឺលោក Sergey Lavrov ដោយបង្ហាញពីបំណងចង់ក្លាយជាសមាជិកពេញសិទ្ធិរបស់ BRICS ហើយសង្ឃឹមថាបណ្តាប្រទេស BRICS នឹងគាំទ្រសេចក្តីប្រាថ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមនៅខែតុលាខាងមុខ៕

ប្រតិកម្មទៅវិញ