ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការរក្សានិងពង្រឹងវិធានការការពារនិងទប់ស្កាត់ជំងឺរាតត្បាតនៅតាមច្រកព្រំដែនគោក និងផ្លូវទឹក ដោយធានា មិនឲ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ទំនិញសំខាន់ៗ ដូចជាសុខាភិបាលនិងស្បៀងអាហារជាដើម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទដែលជំងឺរាតត្បាតកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ហើយសហគ្រាសនៃប្រទេសទាំងពីរក៏ជួបការលំបាកជាច្រើនក្នុងប្រតិបត្តិការដែរ តាមនោះយើងត្រូវធានាថា មិនបង្កើតថែមទៀតការលំបាកសម្រាប់សហគ្រាសនិងប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវរក្សា មិនធ្វើឲ្យខកខាននូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងប្រទេសទាំងពីរ ជាពិសេសផលិតផលយុទ្ធសាស្ត្រ ផលិតផលកសិកម្ម ផលិតផលស្បៀងអាហារនិងសុខាភិបាល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់អ្នកប្រើប្រាស់នៃប្រទេសទាំងពីរ”។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពាណិជ្ជកម្ម លោក Nguyen Hong Dien និងលោក ឆាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម (រូបថត៖ ក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម) |
ភាគីទាំងពីរក៏បានឯកភាពគ្នា នឹងរួមគ្នាពិនិត្យឡើងវិញនិងធ្វើវិសោធនកម្មបំពេញបន្ថែមក៏ដូចជាចុះហត្ថលេខាលើក្របខ័ណ្ឌច្បាប់ថ្មីស្តីពីពាណិជ្ជកម្ម ជាពិសេសគឺកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជម្រុញពាណិជ្ជកម្មទ្វេភាគីដំណាក់កាល ២០២២-២០២៣; ពន្លឿនវឌ្ឍនភាពនៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតភ្ជាប់និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន; ជួយឧបត្ថម្ភសហគ្រាសអនុវត្តន៍សកម្មភាពពន្លឿនពាណិជ្ជកម្ម កសាងពាណិជ្ជសញ្ញានិងបណ្តាញចែកចាយ រួមទាំងពង្រឹងការចែករំលែកព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធឆ្លងដែនជាដើម។
លោករដ្ឋមន្រ្តី Nguyen Hong Dien បានបញ្ជាក់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងគាំទ្រដល់ស្ថាប័នតំណាងនិងស្ថានទូតកម្ពុជាប្រចាំនៅវៀត ណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា ឲ្យទទួលបានលទ្ធផលវិជ្ជមានកាន់តែច្រើននាពេលអនាគត។
ក្នុងឱកាសនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានជូនដល់ស្ថានទូតកម្ពុជាប្រចាំនៅវៀត ណាមនិងក្រសួងដៃគូ នូវម៉ាសការពារចំនួន ៥ ម៉ឺនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕