នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រី ប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ Alounxai Sounnalath (រូបថត៖ Duong Giang/TTXVN) |
នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្ត្រី ប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ លោក Alounxai Sounnalath ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារ និងពូនជ្រុំនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ។ ដោយវាយតំលៃខ្ពស់ចំពោះការដែលការិយាល័យនាយករដ្ឋមន្ត្រីឡាវ និងការិយាល័យរដ្ឋាភិបាលវៀតណាមតែងតែរួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងវៀតណាម-ឡាវ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ការិយាល័យទាំងពីរបន្តសហការ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានក្នុងការដោះស្រាយការងារ និងការអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ការិយាល័យទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ប្រឹក្សាដល់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី អំពីផែនការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ហើយត្រៀមរៀបចំបានល្អសម្រាប់ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងសកម្មភាពដែលនៅសេសសល់ក្នុងឆ្នាំសាមគ្គីភាពមិត្តភាពរវាងវៀតណាម - ឡាវ និងឡាវ - វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមមកឡាវ និងនាំយកឧស្សាហកម្មឡាវទៅកាន់វៀតណាមថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម។
ទិដ្ឋភាពនៃពិធីទទួល (រូបថត៖ Duong Giang/TTXVN) |
ចំណែកលោករដ្ឋមន្ត្រី ប្រធានការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែផ្តល់ជំនួយដ៏ធំធេង ទាន់ពេលវេលា និងមានប្រសិទ្ធភាពដល់ប្រទេសឡាវ ហើយអះអាងថា ឡាវជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ថែរក្សា ពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងឡាវ និងវៀតណាម៕