វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មកសម្តែងការគួរសម និងអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong បានទទួលជួបឯកអគ្គរដ្ឋទូតអាស៊ានដែលចូលជួបសម្តែងការគួរសម និងអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ Thong Nhat - TTXVN)

ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ វៀតណាម និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បាននិងកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យសំខាន់ៗដូចជា ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ  អប់រំ -បណ្តុះបណ្តាល និងជួបប្រាស្រ័យរវាងប្រជាជន ... និងពង្រីកដោយឥតឈប់ឈរលើវិស័យថ្មីដែលសមស្របនឹងយុគសម័យឧស្សាហកម្ម ៤.០ ដូចជាការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង ថាមពលស្អាត...។  លោកប្រធានរដ្ឋមានបំណងថា បណ្តាឯកអគ្គរដ្ឋទូតនឹងជាស្ពានសំខាន់ជានិច្ច រួមចំណែកថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសសមាជិកអាស៊ាន។

តាងនាមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Denny Abdi តំណាងប្រធានអាស៊ានឆ្នាំ ២០២៣ បានពាំនាំនូវការអបអរសាទរ និងស្វាគមន៍ពីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ាន ជូនចំពោះលោកប្រធានរដ្ឋ Vo Van Thuong។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានសន្យាគាំទ្រយ៉ាងសកម្ម និងរួមចំណែកប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ