លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយកីឡាការិនី និងគ្រូបង្វឹកនៃក្រុមបាល់ទាត់នារីវៀតណាម។ (រូបថត៖ Duong Giang-VNA) |
នារសៀលថ្ងៃទី១៥ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីប្រកួត សាមគ្គីភាព ការប្តេជ្ញាចិត្តខ្ពស់ និងការលះបង់អស់ពីសមត្ថភាពរបស់ក្រុមកីឡាបាល់ទាត់នារីវៀតណាមនៅ World Cup នារីឆ្នាំ២០២៣។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា កីឡាបាល់ទាត់នារី
វៀតណាមនឹងបន្តរក្សារឹងមាំនូវជំនឿជាក់ សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីសម្រេចបានលទ្ធផល និងស្នាដៃខ្ពស់នាពេលខាងមុខ។
ដើម្បីឱ្យកីឡាបាល់ទាត់នារីមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយថែមទៀត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បន្តពិនិត្យ បង្កើនការកសាង និងកែលម្អគោលនយោបាយឲ្យបានសមស្រប ស៊ីសង្វាក់គ្នា ដើម្បីអភិវឌ្ឍន៍កីឡាបាល់ទាត់នារី; ដែលក្នុងនោះផ្តោតលើការអភិវឌ្ឍចលនាបាល់ទាត់នារីនៅក្នុងសាលារៀន; បង្កើនការសម្របសម្រួល ជួយឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់វៀតណាម និងមូលដ្ឋានក្នុងការស្រាវជ្រាវ ហើយមានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នារីប្រកបដោយចីរភាព។ សហព័ន្ធកីឡាបាល់ទាត់វៀតណាមផ្តោតលើការលើកកំពស់គុណភាពនៃការប្រកួតជើងឯកថ្នាក់ជាតិ និងប្រព័ន្ធការប្រកួតសម្រាប់កីឡាការិនីវ័យក្មេង; បង្កើនការបណ្តុះបណ្តាល បែងចែកធនធានដោយសមហេតុផលសម្រាប់ការអភិវឌ្ឍកីឡាបាល់ទាត់នារី។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ និងស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន ផ្នែក មូលដ្ឋាន និងសង្គមទាំងមូល រួមដៃគ្នាក្នុងការអភិវឌ្ឍកីឡាបាល់ទាត់នារី និងកីឡាបាល់ទាត់ជាទូទៅ សក្តិសមនឹងជំនឿជាក់ និងក្តីស្រឡាញ់របស់អ្នកគាំទ្រ និងប្រជាជនវៀតណាម៕