ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AFP/TTXVN) |
ថ្លែងមតិនៅវេទិកាធុរកិច្ចក្រុមខឿនសេដ្ឋកិច្ចទើបលេចឡើង (BRICS) ដែល រៀបចំឡើងតាមប្រព័ន្ធអនឡាញ នាថ្ងៃទី ២២ មិថុនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា រុស្ស៊ីកំពុងចាត់វិធានការគ្រប់ជ្រុងជ្រោយដើម្បីកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមាន ពីការដាក់ទណ្ឌកម្ម ហើយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និង វិនិយោគជាមួយប្រទេសទាំងអស់ដែលមានការយកចិត្តទុកដាក់ ក្នុងនោះផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ចនៃបណ្តាប្រទេស BRICS (រួមមានចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង រុស្ស៊ី និងប្រេស៊ីល)។ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច របស់រុស្ស៊ីនេះ កំពុងបង្ហាញប្រសិទ្ធភាព ប្រព័ន្ធហិរញ្ញវត្ថុត្រូវបានការពារពីការរង្គោះរង្គើ ហើយកំពុងចាប់ផ្តើមធ្វើឲ្យស្ថានការណ៍មានស្ថិរភាព ដោយផ្តល់ជំនួយសង្គមតាម គោលដៅដល់ប្រជាជន។ ជាក់ស្ដែងគឺ រដ្ឋផ្តោតសំខាន់លើការជំរុញភាពម្ចាស់ការរបស់វិស័យឯកជន បន្ទុករដ្ឋបាលកំពុងត្រូវបានកាត់បន្ថយ កម្មវិធីកម្ចីអនុគ្រោះថ្មីកំពុង ដំណើរការ អនុគ្រោះពន្ធនិងគយកំពុងត្រូវបានអនុវត្តន៍។ លោកប្រធានាធិបតី Putin ក៏បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រដ៏ឥតងាករេរបស់រុស្ស៊ី នោះ គឺពង្រឹងកម្លាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ហើយត្រៀមខ្លួនជាស្រេចធ្វើ ការដោយបើកចំហជាមួយដៃគូពិតប្រាកដទាំងអស់ដោយឈរលើគោលការណ៍គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ការគោរពច្បាប់អន្តរជាតិជាគោលដោយគ្មានលក្ខ ខណ្ឌ និងសមភាពរបស់ប្រទេស និង ប្រជាជាតិនានា៕