អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ (រូបថត៖ AFP/TTXVN) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Peskov បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ កំពុងបង្កើនភាពតានតឹងតាមរយៈ "ព័ត៌មានមិនពិត" និង "សកម្មភាពជាក់ស្តែង" ដោយព្រមានថា ហានិភ័យនៃជម្លោះនៅអ៊ុយក្រែនគឺ"ខ្ពស់ណាស់" ។ លោក Peskov បានឲ្យដឹងថែមទៀតថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងអនុវត្តន៍វិធានការចាំបាច់ ដើម្បីការពារប្រទេស។ ទីក្រុងម៉ូស្គូនៅតែរង់ចាំការឆ្លើយតបជាលាយលក្ខណ៍អក្សរពីទីក្រុងវ៉ាស៊ីនតោនអំពីការធានាសន្តិសុខ ហើយនឹងសម្រេចចិត្តធ្វើសកម្មភាពបន្តទៀត បន្ទាប់ពីបានស្រាវជ្រាវលើការឆ្លើយតបនេះ។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប(EU) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរុស្ស៊ី ចូលរួមកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ក្នុងក្របខ័ណ្ឌនៃយន្តការអន្តរជាតិដែលមានស្រាប់។ យោងតាមសេចក្តីថ្លែងការណ៍នេះ សហភាពអឺរ៉ុបកំពុងពន្លឿនការត្រៀមរៀបចំ ដើម្បីដាក់ចេញវិធានការរឹតត្បិតប្រឆាំងនឹងទីក្រុងម៉ូស្គូ។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិអាមេរិកនៅថ្ងៃទី២៤ ខែមករា បានឲ្យដឹងថា បានដាក់ពង្រាយទាហានចំនួន ៨.៥០០នាក់ ក្នុងស្ថានភាព"ត្រៀមខ្លួនខ្ពស់" ទៅកាន់ទ្វីបអឺរ៉ុបឱ្យបានភ្លាមៗនៅពេលចាំបាច់ ក្នុងករណីដែលអង្គការណាតូ បើកឲ្យដំណើរការនូវកម្លាំងឆ្លើយតបរហ័ស ទាក់ទងនឹងការចោទប្រកាន់ដែលថា រុស្ស៊ីកំពុងត្រៀមរៀបចំសម្រាប់យុទ្ធនាការវាយលុកយោធាចូលមកអ៊ុយក្រែន៕