សមាជិកសភាបានវាយតម្លៃថា ផែនការមេទាំងពីរនេះបានសង្ហាញពីចក្ខុវិស័យ និងសេចក្តីប្រាថ្នាក្នុងការកសាងទីក្រុង។ ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាមួយចំនួនបានលើកឡើងថា ដើម្បីអនុវត្តន៍ចំគោលដៅ និងក្ដីរំពឹងទុកដែលបានដាក់ចេញ គឺចាំបាច់ត្រូវផ្ដោតសំខាន់លើការអនុវត្តបញ្ហាពាក់ព័ន្ធមួយចំនួនដល់ផ្លូវគមនាគមន៍ បរិស្ថាន និងសុខាភិបាល។ ដើម្បីអនុវត្តន៍គោលដៅទាំងនេះ សមាជិកសភា លោក Hoang Van Cuong មកពីទីក្រុងហាណូយ បានចាត់ទុកថា ចាំបាច់ត្រូវផ្តោតសំខាន់លើការដោះស្រាយការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានតាមរយៈការកសាងប្រព័ន្ធផ្លូវដែក។
“យើងត្រូវផ្តោតសំខាន់លើការសាងសង់ផ្លូវដែកក្នុងទីក្រុងចំនួន ១៤ ខ្សែដូចនៅក្នុងគម្រោង ដើម្បីបង្កើតបណ្តាញផ្លូវដែកដែលមានសមត្ថភាពតភ្ជាប់ចរាចរណ៍ សម្រាប់ប្រជាជនប្រើប្រាស់ផ្លូវដែកដោយស្វ័យប្រវត្តិជំនួសមធ្យោបាយដឹកជញ្ជូនផ្សេងទៀតទៅកាន់ទីតាំងណាមួយនៅក្នុងទីក្រុង។ ដូច្នេះហើយ បញ្ហាកកស្ទះចរាចរណ៍ ឬការបំពុលបរិស្ថាននាពេលបច្ចុប្បន្ន ក៏នឹងត្រូវបានដោះស្រាយតាមរយៈការអភិវឌ្ឍប្រព័ន្ធផ្លូវដែកផងដែរ”។
បំភ្លឺខ្លឹមសារក្នុងផែនការមេ រដ្ឋមន្ត្រីក្រសួងសំណង់លោក Nguyen Thanh Nghi បានឲ្យដឹងថា៖ “គម្រោងនេះត្រូវបានកែសម្រួលដោយភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ដូចជា៖ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍វប្បធម៌បេតិកភណ្ឌ អភិវឌ្ឍន៍បៃតង បង្កើតបរិយាកាសគួរឲ្យរស់នៅ ទីក្រុងឆ្លាតវៃ និងប្រកបដោយនិរន្តរភាព ក៏ដូចជាការបង្កើតយន្តការស្វាហាប់ពិសេសរបស់ទីក្រុងផងដែរ”។
នាព្រឹកថ្ងៃដដែល សមាជិកសភាបានពិភាក្សាជាក្រុមអំពីគម្រោងច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ភូមិបាល ច្បាប់លំនៅដ្ឋាន ច្បាប់អាជីវកម្មអចលនទ្រព្យ និងច្បាប់ស្ថាប័នឥណទាន។ នាពេលរសៀល រដ្ឋសភាបានពិភាក្សាជាក្រុមអំពីគម្រោងច្បាប់ភូមិសាស្ត្រ និង ភូគព្ភសាស្ត្រ; គម្រោងច្បាប់ស្តីពីផែនការមេទីក្រុង និងផែនការមេជនបទផងដែរ៕