រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ និង​អាមេរិក​ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើមដំបូង​ក្រោយ​រយៈពេល ​២១ ​ខែ​

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិចិនបានឲ្យដឹងថា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Lloyd Austin កាលពីថ្ងៃទី ២០ ខែមេសា។ 
រដ្ឋមន្ត្រី​ការពារជាតិ​ចិន​ និង​អាមេរិក​ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើមដំបូង​ក្រោយ​រយៈពេល ​២១ ​ខែ​ - ảnh 1លោករដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងលោករដ្ឋមន្ត្រីការពារជាតិ Wei Fenghe (រូបថត៖ AFP/ BLOOMBERG)

នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទដើមដំបូងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរចាប់តាំងពីពេលរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក J. Biden បានឡើងកាន់អំណាច ហើយមានរយៈពេលជិត ២១ ខែក្រោយពីកិច្ចសន្ទនាតាមទូរស័ព្ទលើកមុន។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe បានចាត់ទុកថា ចិន និងសហរដ្ឋអាមេរិកចាំបាច់ត្រូវអនុវត្តន៍ការស្រុះចិត្តគំនិតគ្នា ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រេចបាន គោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាប្រកបដដោយសន្តិភាព និងជៀសវាងការប្រឈមមុខដាក់គ្នា។ ចិនសង្ឃឹមបង្កើតទំនាក់ទំនងរវាងប្រទេសមហាអំណាចប្រកបដោយភាពស្អាតស្អំ និងស្ថិរភាពជាមួយសហរដ្ឋអាមេរិក។

កងទ័ពនៃប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកអំពីយោធា បង្កើនការសន្ទនា និងការផ្លាស់ប្ដូរ ការគ្រប់គ្រងហានិភ័យ ព្រមទាំងអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីធានាការអភិវឌ្ឍប្រក្រតីភាព និងស្ថិរភាពនៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការពារជាតិចិនក៏បានលើកឡើងពីទស្សនៈរបស់ចិនលើបញ្ហាតៃវ៉ាន់ ហើយបានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់ចេញពីទឹកដីចិនបានឡើយ។ កងទ័ពចិននឹងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងបូរណភាពទឹកដីយ៉ាងប្ដូរផ្ដាច់។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថាសហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចជំរុញការអនុវត្តរាល់ការយល់ដឹងរួមដ៏សំខាន់ៗ ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរសម្រេចបាន ព្រមទាំងអនុវត្តន៍ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយចិនផងដែរ៕

ប្រតិកម្មទៅវិញ