រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​បញ្ជាក់​ថាការចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន​សម្រេច​បានវឌ្ឍនភាព

Chia sẻ
(VOVWORLD) - ភាគីអ៊ុយក្រែនបានបង្ហាញការយល់ដឹងកាន់តែច្បាស់លាស់អំពីតំបន់ Crimea និង Donbass ក៏ដូចជាសារៈសំខាន់នៃយន្តការអព្យាក្រឹតរបស់ទីក្រុងគៀវ ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​បញ្ជាក់​ថាការចរចា​សន្តិភាព​ជាមួយ​អ៊ុយក្រែន​សម្រេច​បានវឌ្ឍនភាព - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ VNA)

កាលពីថ្ងៃទី ១ ខែមេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ការចរចាសន្តិភាពជាមួយអ៊ុយក្រែនសម្រេចបានវឌ្ឍនភាពមួយចំនួន ហើយទីក្រុងម៉ូស្គូកំពុងត្រៀមរៀបចំឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងគៀវ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជំនួបជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅទីក្រុង New Delhi លោក Lavrov បានអះអាងថាបណ្ដាការចរចាជាមួយអ៊ុយក្រែនចាំបាច់ត្រូវបន្ត។ លោកបានឲ្យដឹងថា ភាគីអ៊ុយក្រែនបានបង្ហាញការយល់ដឹងកាន់តែច្បាស់លាស់អំពីតំបន់ Crimea និង Donbass ក៏ដូចជាសារៈសំខាន់នៃយន្តការអព្យាក្រឹតរបស់ទីក្រុងគៀវ ។ លើសពីនេះទៅទៀត លោក Lavrov បានឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួន ជាស្រេច អនុញ្ញាតឱ្យឥណ្ឌាដើរតួជាអាជ្ញាកណ្ដាលផ្សះផ្សាក្នុងវិបត្តិអ៊ុយក្រែន។

ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី ១ មេសាដដែលបានសង្កត់ធ្ងន់ថា ការដែលអ៊ុយក្រែនបានវាយប្រហារលើឃ្លាំងផ្ទុកប្រេងឥន្ធនៈរបស់រុស្ស៊ីមិនជួយបង្កើតបរិយាកាសវិជ្ជមានសម្រាប់ការចរចាសន្តិភាពជាមួយទីក្រុងគៀវឡើយ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា រុស្ស៊ីនឹងមិនកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបនៅថ្ងៃទី ១ ខែមេសាឡើយ  បើទោះជារុស្ស៊ីបានកំណត់ថ្ងៃផុតកំណត់សម្រាប់អតិថិជនក្នុងការទូទាត់ជាប្រាក់រូប្លិ៍៕

ប្រតិកម្មទៅវិញ