លោក Steven Guilbeault រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកាណាដា។ ប្រភព៖ The Canadian Press |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីបរិស្ថាន និងការអភិវឌ្ឍន៍របស់ចិន ដែលជាអង្គការប្រឹក្សាអាកាសធាតុសម្រាប់រដ្ឋាភិបាលចិន។ តាមរយៈការចូលរួមក្នុងកិច្ចពិភាក្សាទាំងនេះ លោក Steven Guilbeault ក្លាយជារដ្ឋមន្ត្រីកាណាដាដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្រោយរយៈពេល ៤ ឆ្នាំ។
លោក Guilbeault សង្ឃឹមថានឹងមានការពិភាក្សាដោយបើកចំហ និងស្មោះត្រង់លើបញ្ហាមួយចំនួន ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ លោកក៏ត្រូវបានរំពឹងថានឹងលើកឡើងបញ្ហាសំខាន់ចំនួនពីរគឺ ការកាត់បន្ថយការបំភាយឧស្ម័នមេតាន និងគោលដៅថាមពលកកើតឡើងវិញជាសកល។ កាណាដា និងចិនជាប្រទេសដែលបំភាយឧស្ម័នដ៏ធំ ដូច្នេះនឹងមានមធ្យោបាយជាច្រើនសម្រាប់ភាគីទាំងពីរដើម្បីសហការជាមួយគ្នា។
ប្រទេសកាណាដាកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិនលើការប្រែប្រួលអាកាសធាតុ បើទោះបីជាមានភាពតានតឹង រួមទាំងការចោទប្រកាន់ថាទីក្រុងប៉េកាំងបានជ្រៀតជ្រែកចូលការបោះឆ្នោតនៅកាណាដានាពេលថ្មីៗនេះ ក៏ដូចជាស្ថានភាពជាប់គាំងពាក់ព័ន្ធនឹងពលរដ្ឋកាណាដាពីរនាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២១៕