រដ្ឋាភិបាលអ៊ីតាលីថ្មីបានស្បថចូលកាន់តំណែង

Chia sẻ
(VOVWORLD) -  នៅថ្ងៃទី ២២ ខែតុលា លោកស្រី Giorgia Meloni បានស្បថចូលកាន់តំណែងជាផ្លូវការជានាយករដ្ឋមន្ត្រីស្ត្រីដំបូងបង្អស់នៅអ៊ីតាលី។ លោកស្រី Meloni គឺជាប្រធានសម្ព័ន្ធស្តាំនិយមនៃគណបក្សចំនួនបីគឺ Brothers of Italy (FdI) League និង Forza Italia (FI) ដែលបានឈ្នះអាសនៈភាគច្រើននៅក្នុងសភាទាំងពីរនៃរដ្ឋសភា បន្ទាប់ ពីការបោះឆ្នោតកាលពីថ្ងៃទី ២៥ ខែកញ្ញា។ 
រដ្ឋាភិបាលអ៊ីតាលីថ្មីបានស្បថចូលកាន់តំណែង - ảnh 1ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella  និងនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីតាលី លោកស្រី Giorgia Meloni ចូលរួមពិធីស្បថចូលកាន់តំណែងនៅទីក្រុងរ៉ូម។ រូបថត៖ Guglielmo Mangiapane / Reuters 

នៅថ្ងៃទី ២១ ខែតុលា ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានប្រគល់ភារកិច្ចឱ្យលោកស្រី Meloni ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយលោកស្រីបានប្រកាសបញ្ជីគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីត្រូវបានប្រធានាធិបតីអនុម័ត។ 

គណៈរដ្ឋមន្ត្រីថ្មីរួមមានរដ្ឋមន្ត្រីចំនួន ២៤ រូប ពោលគឺមានចំនួនច្រើនជាងរដ្ឋាភិបាលរបស់លោក Mario Draghi ដែលក្នុងនោះរដ្ឋមន្ត្រីស្ត្រីមានចំនួន ៦ រូប។ ក្រសួងមួយចំនួននឹងត្រូវប្តូរឈ្មោះនៅក្នុងរដ្ឋាភិបាលថ្មីនេះ ឧទាហរណ៍ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងក្លាយជាក្រសួងពាណិជ្ជកម្ម និងផលិតកម្មនៅអ៊ីតាលី; ក្រសួងគោលនយោបាយកសិកម្ម ប្តូរទៅជាក្រសួងកសិកម្ម និងអធិបតេយ្យភាពស្បៀងអាហារ។

រដ្ឋាភិបាលរបស់លោកស្រី Meloni គឺជារដ្ឋាភិបាលស្តាំនិយមបំផុតនៅក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ រដ្ឋាភិបាលថ្មីបានចូលកាន់តំណែងក្នុងបរិបទដែលប្រទេសអ៊ីតាលីកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជាការកើនឡើងនៃអតិផរណា បំណុលសាធារណៈខ្ពស់ វិបត្តិថាមពល កំណែទម្រង់អឺរ៉ុប និងជម្លោះអ៊ុយក្រែន។ បញ្ហាប្រឈមធំទីមួយរបស់រដ្ឋាភិបាលអ៊ីតាលីថ្មី គឺសេចក្តីព្រាងថវិកាឆ្នាំ ២០២៣ ដែលត្រូវតែអនុម័តនៅចុងឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ