ដោយប្រធានបទ “យុវជនអាស៊ាន - អនាគតអាស៊ាន៖ តួនាទីរបស់យុវជនក្នុងការបង្កើតអនាគតរបស់អាស៊ាន” វេទិកានេះបានប្រព្រឹត្តទៅតាមទម្រង់អនឡាញផងនិងទល់មុខគ្នាផង។ ចូលរួមកិច្ចសន្ទនានេះ ក្រៅពីអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន ក៏មានវត្តមានឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាននៅទីក្រុងហាណូយ; ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយុវជន លោក Felipe Paullier; លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Tuong Lam ; បវរកញ្ញា Nguyen Thuc Thuy Tien គំរូវ័យក្មេងឆ្នើមឆ្នាំ ២០២១ និងតំណាងយុវជនអាស៊ានជាច្រើនរូប។
នៅក្នុងវេទិកានេះ លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Tuong Lam អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមបានអះអាងថា៖ “នេះជាឱកាសដ៏ល្អសម្រាប់យុវជនអាស៊ានក្នុងការចែករំលែកការយកចិត្តទុកដាក់ ទស្សនៈ និងមតិយោបល់របស់ខ្លួនក្នុងការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយឆ្ពោះទៅរកកំណើននិងការអភិវឌ្ឍន៍អាស៊ាននាពេលអនាគត។ យុវជនអាស៊ាន គឺជាអ្នកដឹកនាំ ជាអ្នកបង្កើតអនាគតអាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និរន្តរភាព និងវិបុលភាព។ សំឡេងនៃសេចក្តីប្រាថ្នា និងគំនិតរបស់យុវជនត្រូវការផ្ទាល់ស្តាប់ ទទួលស្គាល់ និងដាក់បញ្ចូលទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន”។
ក្នុងរយៈពេលជិត ៣ ម៉ោង ប្រតិភូយុវជនមកពីបណ្តាប្រទេសអាស៊ានបានរួមមតិជាច្រើន អំពីវិធីលើកកម្ពស់តួនាទីសកម្ម និងគំនិតច្នៃប្រឌិតរបស់យុវជនក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមរបស់ប្រទេស និងតំបន់; ស្នើឡើងគំនិតអំពីគោលនយោបាយពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់យុវជន និងប្រជាជនអាស៊ាន; ចែករំលែកបទពិសោធន៍ក្នុងការកសាង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍យុវជន៕