ពិភពអារ៉ាប់ត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជាមួយ BRICS

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៥ ខែសីហា សម្ព័ន្ធអារ៉ាប់ (AL) និងប្រទេសសមាជិកជាច្រើនបានស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលលើកទី ១៥ នៃក្រុមសេដ្ឋកិច្ចរីកចម្រើនទើបលេចចេញ (BRICS) នៅទីក្រុង Johanesburg  ប្រទេសអាហ្រ្វិកខាងត្បូង ដែលបានសម្រេចចិត្តពង្រីកនិងបញ្ចូលសមាជិកថ្មី ក្នុងនោះមានប្រទេសអារ៉ាប់ចំនួន៣ រួមមាន៖ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)។
ពិភពអារ៉ាប់ត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជាមួយ BRICS - ảnh 1វេទិកាមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។ រូបថត៖ AFP/VNA

នៅក្នុងប្រតិកម្មផ្លូវការដំបូងបន្ទាប់ពីការអញ្ជើញចូលរួមរបស់ BRICS ត្រូវបានប្រកាស ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi បានបញ្ជាក់ថា ទីក្រុង Cairo ត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមនេះ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកម្ពស់សំឡេងនៃបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង។ ដូចគ្នានេះដែរ ប្រធានាធិបតីអារ៉ាប់រួម លោក Mohammed bin Zayed បានបញ្ជាក់ថា ទីក្រុង Abu Dhabi មានបំណងចង់បន្តសហការជាមួយ BRICS ដើម្បីភាពរុងរឿង សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនទាំងអស់នៅជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានឲ្យដឹងថា ប្រទេសនេះវាយតម្លៃខ្ពស់ចំពោះតួនាទី ជំហរ និងសក្តានុពលរបស់ BRICS ហើយមានបំណងចង់សហការកាន់តែជិតស្និទ្ធជាមួយ BRICS ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។

នាសៀលថ្ងៃទី ២៤ ខែសីហានេះដែរ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Abu Gheit បានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះ BRICS ដែលបានបញ្ចូលសមាជិកថ្មី ហើយបានផ្ញើលិខិតអញ្ជើញជាផ្លូវការទៅកាន់ប្រទេសអារ៉ាប់ចំនួន៣។ ប្រមុខសម្ព័ន្ធអារ៉ាប់ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងពិភពអារ៉ាប់ និង BRICS នឹងត្រូវបានពង្រឹងនិងពង្រីកថែមទៀត ដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ក៏ដូចជាការរួមចំណែកក្នុងការបង្កើតស្ថិរភាពក្នុងតំបន់ និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ