ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៣ កក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ពិភាក្សាអំពីទិសដៅ និងដំណោះស្រាយដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវសហការយ៉ាងជិតស្និទ្ធដើម្បីរក្សា និងលើកកម្ពស់ចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ អនុវត្តន៍ប្រកបដោយជោគជ័យនូវការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀង សន្ធិសញ្ញា និងយន្តការសហប្រតិបត្តិការដែលបានចុះហត្ថលេខា សម្របសម្រួល ឃោសនាដល់គ្រប់មជ្ឈដ្ឋាន ជាពិសេសគឺយុវជនជំនាន់ក្រោយអំពីចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។  ភាគីទាំងពីរបានប្តេជ្ញាបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយសង្កត់ធ្ងន់លើគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីបំផ្លិចបំផ្លាញភាគីម្ខាងទៀត សហប្រតិបត្តិការជិតស្និទ្ធក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ និងឧក្រិដ្ឋកម្មឆ្លងដែន។

ទាក់ទងនឹងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដូចជា៖ អនុស្សរណៈយោគយល់គ្នាស្តីពីការអភិវឌ្ឍន៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែនវៀតណាម-កម្ពុជា កិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីដំណាក់កាល ២០២៥-២០២៦ បង្កើនល្បឿនតភ្ជាប់ចរាចរណ៍ និងច្រកទ្វារព្រំដែន សម្របសម្រួលយ៉ាងសកម្មជាមួយឡាវ ដើម្បីដាក់ឱ្យដំណើរការកញ្ចប់ទេសចរណ៍ "ដំណើរមួយ គោលដៅបី" ឆ្លងកាត់កម្ពុជា-ឡាវ-វៀតណាម បើកជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ-ហាណូយ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម។  ដោយបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដ៏សំខាន់នេះបន្ថែមទៀត។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលឱ្យបានល្អអនុវត្តន៍សន្ធិសញ្ញា កិច្ចព្រមព្រៀង នានាទាក់ទងនឹងព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា បន្តការចរចា និងស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងសមហេតុផល ជំរុញការបោះបង្គោលព្រំដែន។ ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស និងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ព្រមទាំងសង្កត់ធ្ងន់លើការបន្តការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាដែលកើតឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគាំទ្រឡាវក្នុងការបំពេញតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៤ និងក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ឆ្នាំ ២០២៤ ជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងមហាអនុតំបន់ទន្លេមេគង្គ សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានទឹកទន្លេមេគង្គ ដើម្បីផលប្រយោជន៍ សហគមន៍ប្រជាជន ដើម្បីអនាគតរបស់ជំនាន់ក្រោយ និងដើម្បីសាមគ្គីភាពរវាងបណ្ដាប្រទេសតាមដងទន្លេផងដែរ៕

ប្រតិកម្មទៅវិញ