ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញចូលគាល់និងសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី

Chia sẻ

(VOVWORLD) - នៅរសៀលថ្ងៃទី ១២ កក្កដា ប្រធានរដ្ឋវៀតណាមលោក To Lam បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងរាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែកក្កដា តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ 

ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញចូលគាល់និងសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 1ប្រធានរដ្ឋវៀតណាមលោក To Lam និងព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ។ (រូបថត៖ Nhan Sang/TTXVN)

ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការជូនចំពោះប្រធានរដ្ឋវៀតណាមលោក ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក នៅព្រះបរមរាជវាំង នារសៀលថ្ងៃដដែល ក្រោមព្រះរាជអធិបតីភាព ព្រះមហាក្សត្រ នរោត្តម សីហមុនី។ បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ To Lam បានអញ្ជើញចូលគាល់និងជួបសវនាការជាមួយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។

នៅក្នុងជំនួបសវនាការនេះ មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែល ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ដោយស្ថិរភាពក្នុងរយៈពេលកន្លងមក; ការជឿទុកចិត្ត និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរកាន់តែត្រូវបានរឹតបន្តឹង; ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងជាចំណុចភ្លឺមួយ ដោយមានកំណើនគួរឱ្យចាប់អារម្មណ៍។ មេដឹកនាំទាំងពីរមានគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យគ្រប់លំដាប់ថ្នាក់ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកទេស និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោះស្រាយបញ្ហានៅសេសសល់ក្នុងស្មារតីភាពជាអ្នកជិតខាងមិត្តភាពនិងសាមគ្គីភាព។

ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញចូលគាល់និងសវនាការជាមួយព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី - ảnh 2ទិដ្ឋភាពនៃជំនួបសវនាការ។ (រូបថត៖ Nhan Sang/VOV)

មេដឹកនាំទាំងពីរបានអះអាងថា ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលត្រូវការរក្សទុកសម្រាប់ប្រជាជនជំនាន់ក្រោយ ព្រមទាំងអះអាងថា នឹងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរនោះ ប្តេជ្ញាជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរឱ្យមានការយល់ដឹងយ៉ាងត្រឹមត្រូវអំពីចំណងមិត្តភាព សាមគ្គីភាព និងការលះបង់សម្រាប់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ និងបន្តជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជាផងដែរ។

បន្ទាប់ពីជំនួបសវនាការ លោកប្រធានរដ្ឋ To Lam បានអញ្ជើញចូលគាល់សួរសុខទុក្ខសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងគោរពអញ្ជើញសម្ដេចព្រះមហាក្សត្រី យាងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។

នាយប់ថ្ងៃដដែល ព្រះមហាក្សត្រ នរោត្តម សីហមុនី បាមរៀបចំព្រះរាជពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនលោកប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋវៀតណាម៕

ប្រតិកម្មទៅវិញ