ប្រធានរដ្ឋវៀតណាម លោក​ លឿង គឿង​ ទទួលជួប​មេដឹកនាំអង្គភាពអាជីវកម្មឆ្នើម​ៗ​របស់​ប៉េរូ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសប៉េរូ និងចូលរួមសប្តាហ៍ជាន់ខ្ពស់នៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៤ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា (តាមម៉ោងក្នុងស្រុក) នៅរដ្ឋធានី Lima ប្រធារដ្ឋវៀតណាម លោក លឿង គឿង បានទទួលជួបជាមួយថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្មឆ្នើមៗមួយចំនួនរបស់ប៉េរូ។

ថ្លែងមតិក្នុងជំនួបនេះ លោកប្រធានរដ្ឋ លឿង គឿង បានចាត់ទុកថា នៅមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៉េរូ ជាពិសេសនៅពេលដែលប្រទេសទាំងពីរក្លាយជាសមាជិកពេញសិទ្ធិនៃកិច្ចព្រមព្រៀង CPTPP ។ លោកប្រធានរដ្ឋបានស្នើឱ្យប៉េរូជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងវិនិយោគរបស់វៀតណាម ជាពិសេសគម្រោងផ្លាស់ប្តូរឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទីក្រុងឆ្លាតវៃ សន្តិសុខអ៊ីនធឺណិត សុខភាពឌីជីថល និងការអប់រំឌីជីថល; ជួយសម្រួលដល់ដំណើរការបំពេញបែបបទ ផ្ទេរគម្រោងក្នុងវិស័យប្រេងនិងឧស្ម័នរបស់វៀតណាមនៅប៉េរូ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋបានចាត់ទុកថា អង្គភាពអាជីវកម្មប៉េរូគួរស្រាវជ្រាវនិងពិចារណាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យដូចជា៖ រ៉ែ កសិផលសរីរាង្គ ការកែច្នៃម្ហូបអាហារ និងទេសចរណ៍។ លោកប្រធានរដ្ឋអះអាងថា វៀតណាមប្តេជ្ញាបង្កើតបរិយាកាសវិនិយោគនិងអាជិវកម្មដ៏អំណោយផលសម្រាប់វិនិយោគិនបរទេស ជាពិសេសសហគ្រាសប៉េរូ ដើម្បីសហប្រតិបត្តិការវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែងនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក​ លឿង គឿង​ ទទួលជួប​មេដឹកនាំអង្គភាពអាជីវកម្មឆ្នើម​ៗ​របស់​ប៉េរូ - ảnh 1ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបជាមួយថ្នាក់ដឹកនាំនៃអង្គភាពអាជីវកម្មឆ្នើមៗរបស់ប៉េរូ។ រូបថត៖ Lam Khanh/VNA

រីឯខ្លួនវិញ ថ្នាក់ដឹកនាំអង្គភាពអាជីវកម្មប៉េរូបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងថាមវន្តនៃសេដ្ឋកិច្ចវៀតណាម ហើយក៏បានចែករំលែកជាមួយលោកប្រធានរដ្ឋ នូវភាពស្រដៀងគ្នារវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ អង្គភាពអាជីវកម្មប៉េរូមានបំណងចង់ស្វែងយល់បន្ថែមអំពីទីផ្សារវៀតណាម ស្វែងរកដៃគូសហប្រតិបត្តិការលើវិស័យដែលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ តាមនោះ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ