ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។ រូបថត៖ AFP/TTXVN |
ក្រឹត្យនេះបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកហាមឃាត់ ឬដាក់កំហិតលើការវិនិយោគមួយចំនួនរបស់សហរដ្ឋអាមេរិកចូលអាជីវកម្មនានាក្នុងប្រទេសចិន ដែលប្រតិបត្តិការក្នុងវិស័យចំនួនបី៖ វត្ថុពាក់កណ្តាលចម្លង (semiconductors) និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មានQuantum និងប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។ កាយវិការនេះត្រូវបានរំពឹងថានឹងបង្កឱ្យមានភាពតានតឹងរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក បើទោះបីជាអាជ្ញាធរអាមេរិកបានទទូចថាការហាមឃាត់មិនបែងចែកខឿនសេដ្ឋកិច្ចទាំងពីរដែលពឹងផ្អែកគ្នាទៅវិញទៅមកនេះទេ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាមេរិក លោក Chuck Schumer បានកោតសរសើរក្រឹត្យរបស់លោកប្រធានាធិបតី Biden។ ក្នុងពេលជាមួយគ្នានោះ មន្ត្រីរដ្ឋបាលក្រុងវ៉ាស៊ីនតោនម្នាក់បានឲ្យដឹងថា ក្រឹត្យនេះនឹងប៉ះពាល់ដល់ការវិនិយោគនាពេលអនាគតតែប៉ុណ្ណោះ និងមិនប៉ះពាល់ដល់ការវិនិយោគដែលមានស្រាប់នោះទេ។
ស្ថានទូតចិនប្រចាំនៅអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយលើកាយវិការនេះទេ ប៉ុន្តែបាននិយាយកាលពីសប្តាហ៍មុនថា អាមេរិកធ្វើនយោបាយនីយកម្មលើបញ្ហាបច្ចេកវិទ្យានិងពាណិជ្ជកម្ម ហើយប្រើប្រាស់វាជាឧបករណ៍និងអាវុធក្នុងនាមសន្តិសុខជាតិ៕