ប្រធានាធិបតីរុស្ស៊ីលោក V.Putin។ (រូបថត៖ TASS) |
កាលពីថ្ងៃទី ៣០ ខែមិនា យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីលោក V.Putin បានធ្វើការសន្ទនាការងារតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi អំពីស្ថានភាពនៅអ៊ុយក្រែន និងការផ្ទេរការទូទាត់ថ្លៃឧស្ម័នដែលបានផ្គត់ផ្គង់ទៅអឺរ៉ុបទៅជាប្រាក់រូប្លរុស្ស៊ី។ ក្នុងការសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតីរុស្ស៊ី V.Putin បានជូនដំណឹង ដល់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz អំពីការសម្រេចចិត្តផ្ទេរការទូទាត់ថ្លៃឧស្ម័ន ដុតដែលត្រូវបានផ្គត់ផ្គង់ ជាពិសេសដល់អាល្លឺម៉ង់ ទៅជាប្រាក់រូប្លរុស្ស៊ី។ មេដឹកនាំ រុស្ស៊ី បានក្រើនរំលឹកថា ការសម្រេចចិត្តខាងលើមិនធ្វើឲ្យលក្ខខណ្ឌកិច្ចសន្យាចំពោះ ក្រុមហ៊ុនអឺរ៉ុបនាំចូលឧស្ម័នដុតរបស់រុស្សី អាក្រក់ទៅនោះឡើយ។ ចំពោះការទូទាត់នេះ អ្នកជំនាញនៃប្រទេសទាំងពីរនឹងពិភាក្សាលើបញ្ហានេះបន្ថែមទៀត។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi មេដឹកនាំរុស្ស៊ីបានជូនដំណឹងអំពីវឌ្ឍនភាពនៃជុំចរចារថ្មីបំផុតរវាងតំណាងរុស្ស៊ី និង អ៊ុយក្រែន ដែលបានធ្វើឡើងមួយថ្ងៃមុននៅទីក្រុងអ៊ីស្តង់ប៊ុល។ លោកប្រធានាធិបតី រុស្ស៊ីក៏បានធ្វើការបកស្រាយទាក់ទងនឹងការសម្រេចចិត្តផ្ទេរទៅប្រើប្រាក់រូប្លក្នុងការ ទូទាត់ថ្លៃឧស្ម័នដុតធម្មជាតិដែលត្រូវបានផ្គត់ផ្គង់ដល់ប្រទេសមួយចំនួន រួមទាំង ប្រទេសអ៊ីតាលីផងដែរ។
មួយថ្ងៃមុននោះ លោកប្រធានាធិបតីរុស្ស៊ី V.Putin ក៏បានធ្វើការសន្ទនាតាម ទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក E.Macron អំពីបញ្ហាទាំងនេះដែរ៕