ប្រធានាធិបតីរុស្ស៊ី លោក Vladimit Putin បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.ប.កូរ៉េ

Chia sẻ
(VOVWORLD) - នៅព្រឹកថ្ងៃ ១៩ ខែមិថុនា (ម៉ោងក្នុងស្រុក) ប្រធានាធិបតីរុស្ស៊ី លោក Vladimit Putin បានអញ្ជើញមកដល់ទីក្រុងព្យុងយ៉ាង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.ប.កូរ៉េ។ អគ្គលេខាបក្សពលករនៃស.ប.ប.កូរ៉េ និងជាប្រធានក្រុមប្រឹក្សារដ្ឋ លោក Kim Jong-un បានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ដើម្បីទទួលស្វាគមន៍លោកប្រធានាធិបតី Putin។

ថ្លែងនៅទីនេះ មេដឹកនាំស.ប.ប.កូរ៉េ បានឲ្យដឹងថា លោកមានក្តីរីករាយយ៉ាងក្រែលេងដែលបានជួបលោកប្រធានាធិបតី Putin ម្តងទៀតនៅក្នុងទីក្រុងព្យុងយ៉ាង ក្រោយរយៈពេលជាង ២៧០ ថ្ងៃ។ កាលពីខែកញ្ញាឆ្នាំមុន មេដឹកនាំស.ប.ប.កូរ៉េ លោក Kim Jong-un បានទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី និងបានជួបជាមួយលោកប្រធានាធិបតី Putin នៅមជ្ឈមណ្ឌលបង្ហោះអវកាស Vostochny Cosmodrome នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimit Putin បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.ប.កូរ៉េ - ảnh 1មេដឹកនាំស.ប.ប.កូរ៉េ លោក Kim Jong-un ស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង។ រូបថត៖ KCNA។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី Putin ទៅកាន់ស.ប.ប.កូរ៉េ ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ។ យោងតាមអត្ថបទមួយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA មុននឹងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Putin បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ស.ប.ប.កូរ៉េ នឹងនាំឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ជួយអភិវឌ្ឍកិច្ចសហប្រតិបត្តិការស្មើភាពនិងមានផលប្រយោជន៍ទៅវិញទៅមក ពង្រឹងអធិបតេយ្យភាពនិងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងកិច្ចការមនុស្សធម៌។ ប្រទេសទាំងពីរក៏នឹង "បង្កើតយន្តការពាណិជ្ជកម្ម និងការទូទាត់ជំនួស ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកខាងលិច រួមគ្នាប្រឆាំងនឹងការរឹតបន្តឹងឯកតោភាគីខុសច្បាប់ និងបង្កើតរចនាសម្ព័ន្ធសន្តិសុខប្រកបដោយសមភាព និងមិនអាចកាត់ផ្តាច់បាន៕  

ប្រតិកម្មទៅវិញ