លោក Vo Van Thuong ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saad Eddine El Othmani (រូបថតៈ TTXVN) |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ារ៉ុក លោក Saad Eddine El Othmani, លោក Vo Van Thuong បានសង្កត់ធ្ងន់ថា វៀតណាមបានត្រៀមខ្លួនជាស្រេច ធ្វើជាស្ពានសម្រាប់ប្រទេសម៉ារ៉ុក ពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ជាពិសេសក្នុងបរិបទដែល នាឆ្នាំ ២០២០ វៀតណាមនឹងកាន់ដំណែងជាប្រធានអាស៊ាន។ លោក Vo Van Thuong មានបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយម៉ារ៉ុកក្នុងគ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរណ៍ វប្បធម៌ ថាមពលស្អាត កសិកម្ម ព្រមទាំងសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលម៉ារ៉ុកនឹងផ្តោតការយកចិត្តទុកដាក់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ារ៉ុកលោក Saad Eddine El Othmani សង្ឃឹមថា នាពេលខាងមុខ វៀតណាមនិងម៉ារ៉ុកត្រូវជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ម្យ៉ាងវិញទៀត ភាគីទាំងពីរគប្បីជំរុញថែមទៀតនូវការពិគ្រោះយោបល់នយោបាយនិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ក្នុងនោះ បន្តកសាងយន្តការនានាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរបើកទូលាយកិច្ចសហប្រតិបត្តិការ។
ក្នុងជំនួបជាមួយប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki, លោក Vo Van Thuong សង្ឃឹមថា លោកប្រធានរដ្ឋសភាជាតិម៉ារ៉ុក នឹងផ្តោតការយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ បង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីជាពិសេសវេទិកាសភាពិភពលោកផងដែរ។
ប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki បានសង្កត់ធ្ងន់ថា រដ្ឋសភាម៉ារ៉ុក ចង់ ឱ្យវៀតណាមគាំទ្រចំពោះការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ហើយម៉ារ៉ុកចង់ក្លាយទៅជាអ្នកសង្កេតការណ៍នៃវេទិកាសភាអាស៊ានក្នុងពេលឆាប់ៗដើម្បីផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់អាស៊ីអាគ្នេយ៍តែម្តង។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ថ្ងៃទី ១៧ខែមិថុនា លោក Vo Van Thuong ក៏បានអញ្ជើញជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សាតំបន់ Casablanca និងអភិបាលខេត្ត Casablanca (តំណាងរបស់ព្រះមហាក្សត្រម៉ារ៉ុក នៅ Casablanca) ផងដែរ៕