ទាហាននៃស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិធ្វើល្បាតនៅ Gao (ម៉ាលី) ។(រូបថត៖ AFP/TTXVN) |
លោក Castillo បានឲ្យដឹងថា សន្និសីទនេះមានគោលបំណងលើកកម្ពស់ការចូលរួមរបស់បណ្តាប្រទេសអាមេរិកឡាទីន និងការាបៀនក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មេដឹកនាំប៉េរូក៏បានចាត់ទុកថា មិនអាចកសាងសង្គមមួយប្រកបដោយយុត្តិធម៌ និងស្មើភាពបានទេ នៅពេលដែលជម្លោះ និងសង្រ្គាមនៅតែអន្ទោលតាម ជាពិសេសចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្របំផុត។
សន្និសីទនេះក៏សំដៅលើកកម្ពស់តួនាទីរបស់ស្ត្រីអាមេរិកឡាទីន ក្នុងការអនុវត្តបេសកកម្មរក្សាសន្តិភាពផងដែរ។ មេដឹកនាំប៉េរូបានស្នើឱ្យពន្លឿនការអនុវត្តសេចក្តីសម្រេចលេខ ១៣២៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដើម្បីធានាថា ស្ត្រីមានសមភាពនៅពេលចូលរួមក្នុងគោលនយោបាយសន្តិសុខនៅក្នុងតំបន់។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិ និងកិច្ចការបរទេសប៉េរូ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៦ និងទី៧ ខែកញ្ញា ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចំនួន១៦ក្នុងតំបន់៕