នាថ្ងៃទី ២៤ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង ហើយបានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ។
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានៅវិមានប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក។ ភាគីកូរ៉េខាងត្បូងបានវាយតម្លៃថា ជំនួបកំពូលនេះគឺជាឱកាសសម្រាប់កូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខពិភពលោកជាមួយបារាំង ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុនពេលដែលកូរ៉េខាងត្បូងចូលកាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍នាឆ្នាំក្រោយ។
ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីការផ្តល់អាទិភាពដល់ការអភិវឌ្ឍថ្មអគ្គិសនី និងថាមពលកកើតឡើងវិញ ហើយបានឯកភាពគ្នាលើតម្រូវការក្នុងការសហការលើវិស័យជាច្រើនដូចជា ថាមពលនុយក្លេអ៊ែរ ការចាប់ផ្តើមអាជីវកម្ម និង Semiconductors ផងដែរ៕