បន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រ៊ុយណេ-វៀតណាមប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង

Chia sẻ
(VOVWORLD) - លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យព្រះមហាក្សត្របន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ប្រ៊ុយណេ ហើយស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពហុភាគី និងអាស៊ាន។
បន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រ៊ុយណេ-វៀតណាមប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ Dato Erywan Pehin Yusof  (រូបថត៖ Hong Nguyen/baoquocte.vn)

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេដារូសាឡឹម (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា) និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប្រ៊ុយណេ នារសៀលថ្ងៃទី៧ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលគាល់ព្រះមហាក្សត្រ ព្រះនាម Sultan Haji Hassanal Bolkiah នៅព្រះបរមរាជវាំង Istana Nurul Iman។

ព្រះមហាក្សត្រ ប្រ៊ុយណេដារូសាឡឹមមានព្រះបន្ទូលថាវៀតណាមជាមិត្តនិងជាដៃគូដ៏សំខាន់របស់ប្រ៊ុយណេក្នុងតំបន់ព្រមទាំងបានឲ្យដឹងថា នឹងដឹកនាំក្រួសួង ស្ថាប័នរបស់ប្រ៊ុយណេ សម្របសម្រួលជាមួយវៀតណាម បន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រ៊ុយណេ-វៀតណាម ឱ្យកាន់តែរីកចម្រើនប្រកបដោយប្រសិទ្ធភាពជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យព្រះមហាក្សត្របន្តយកចិត្តទុកដាក់ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ប្រ៊ុយណេ ហើយស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពហុភាគី និងអាស៊ាន។

មុននោះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេស ប្រ៊ុយណេដារូសាឡឹមលោក Dato Erywan Pehin Yusof បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប្រ៊ុយណេដារូសាឡឹម (JCBC-2)។

ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខនឹងកសាងកម្មវិធីសកម្មភាពឲ្យបានឆាប់ៗដើម្បីអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៣-២០២៧; បន្តអនុវត្តន៍យ៉ាងសកម្មរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា; ពន្យារពេលអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើវិស័យកសិកម្ម និងជលផល។ សម្របសម្រួលគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់សហគ្រាសបង្កើនការតភ្ជាប់ ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងរចនាសម្ព័ន្ធពាណិជ្ជកម្ម; ស្វែងរកឱកាសពង្រីកការវិនិយោគលើគ្រប់វិស័យដូចជា កសិ - ជល - រុក្ខផល ថាមពល - ប្រេង ឧស្ម័ន ឧស្សាហកម្មកែច្នៃ។

ស្ដីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពង្រីកគោលការណ៍ និងគោលជំហររួមរបស់អាស៊ានក្នុងទំនាក់ទំនងជាមួយដៃគូ ក៏ដូចជាលើបញ្ហាមីយ៉ាន់ម៉ា និងសមុទ្រខាងកើត ព្រមទាំងជំរុញការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព សមស្របនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

ប្រតិកម្មទៅវិញ