បុណ្យតេតកក់ក្ដៅជូនកុមារក្រីក្រ​ គ្រួសារគោលនយោបាយ និងពលករ

Chia sẻ
(VOVWORLD) - សំដៅជួយប្រជាជនក្រីក្រ និងគ្រួសារគោលនយោបាយទទួលអំណរបុណ្យតេត យ៉ាងកក់ក្ដៅ និងសុខដុមនោះ នាថ្ងៃទី ១៤ ខែមករា សកម្មភាពមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងនៅតាមខេត្ត ក្រុងនានាទូទាំងប្រទេស។
បុណ្យតេតកក់ក្ដៅជូនកុមារក្រីក្រ​ គ្រួសារគោលនយោបាយ និងពលករ - ảnh 1 រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung ប្រគល់អំណោយបុណ្យតេតឆ្នាំ ២០២០ ជូនដល់ក្រុមគ្រួសារគោលនយោបាយ ជនរួមជាតិភាគតិច ដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Quang Tri (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅខេត្ត Quang Tri រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung រួមជាមួយក្រុមការងាររបស់ក្រសួងបានប្រគល់អំណោយបុណ្យតេតឆ្នាំ ២០២០ ចំនួន ៤០០ កញ្ចប់ជូនដល់ក្រុមគ្រួសារគោលនយោបាយ ជនរួមជាតិភាគតិច ដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Quang Tri។ អញ្ជើញថ្លែងនៅទីនេះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានអះអាងថា៖ បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់ជនជាតិភាគតិច។ ដើម្បីកែលំអជីវភាពរស់នៅរបស់ខ្លួននោះ ប្រជាជនចាំបាច់ត្រូវសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ការពារព្រំដែនមាតុភូមិ ស្មោះត្រង់និងជឿជាក់លើគោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋ។

នាថ្ងៃដដែល នៅ ប៉ុស្តិ៍ការពារព្រំដែន Na Hinh ស្រុក Van Lang ខេត្ត Lang Son បានប្រព្រឹត្តិទៅកម្មវិធី បុណ្យតេតជាមួយគ្រូបង្រៀន និងយុទ្ធជន កងទ័ពការពារព្រំដែន។ នៅទីនេះលោកគ្រូអ្នកគ្រូនៅតាមតំបន់ព្រំដែន រួមជាមួយយុទ្ធជន កងទ័ពការពារព្រំដែនបានចែករំលែកបទពិសោធន៍ក្នុងវិស័យអប់រំនិងការបង្រៀន ដែលផ្សារភ្ជាប់ជាមួយការងារឃោសនាគោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ លោក Vu Minh Duc ប្រធានសហជីពអប់រំវៀតណាមបានឲ្យដឹងថា៖

“នៅក្នុងកម្មវិធីនេះក្រៅពីការជូនអំណោយនោះ យើងខ្ញុំក៏បានប្រមូលថវិកាជាង ១ ពាន់លានដុង (៤៣ ០០០ ដុល្លារអាមេរិក) ជាអំណោយជូន សាលារៀន ប៉ុស្តិ៍ការពារព្រំដែន និងគ្រូបង្រៀន។ លោកគ្រូ អ្នកគ្រូ និងយុទ្ធជនការពារព្រំដែនបានចូលរួមសកម្មភាពបុណ្យតេតប្រពៃណីជាច្រើន។ តាមរយៈសកម្មភាពទាំងនេះ លោកគ្រូ និងអ្នកគ្រូនឹងមានអារម្មណ៍កក់ក្ដៅជាង នៅពេលបំពេញភារកិច្ចនៅតំបន់ឆ្ងាយដាច់ស្រាយាលដូច្នេះផងដែរ”។

នាថ្ងៃដដែល នៅខេត្ត Thai Binh និងខេត្ត Hau Giang ក៏បានប្រព្រឹត្តិទៅកម្មវិធីអំណរបុណ្យតេតឆ្នាំ ២០២០ ជូនកម្មករ កុមារ និងគ្រួសារក្រីក្រ ដែលមានស្ថានភាពរស់នៅលំបាកនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ