ថ្លែងទៅកាន់សភាអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson បានអោយដឹងថា ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប កាន់តែខិតមកជិតទៅរកដំណោះស្រាយ ហើយលទ្ធផលនេះគឺដោយសារតែសមាជិកនៃប្លុកដែលនៅសេសសល់បានទទួលស្គាល់ពីតម្រូវការក្នុងការដោះស្រាយបញ្ហា Brexit ប៉ុណ្ណោះ។ លោក Boris Johnson ក៏បានស្វាគមន៍ចំពោះការសន្ទនាតាមទូរស័ព្ទ រវាងលោកជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel, នាយករដ្ឋមន្ត្រីសាធារណរដ្ឋអៀរឡង់ Leo Vardkar និងប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker។ យ៉ាងណាមិញ លោក Johnson នៅតែអះអាងថា មាត្រាមួយដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនអៀរឡង់នៅតែត្រូវលុប ចោល ហើយអង់គ្លេសនៅតែចាកចេញពីសហគមន៍អឺរ៉ុប នាថ្ងៃទី ៣១ ខែតុលា ទោះបី ជា កិច្ចព្រមព្រៀង Brexit មិនទាន់ត្រូវបានដោះស្រាយក៏ដោយ។
នាថ្ងៃដដែលអ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបលោក Natasha Bertaud បានមានប្រ សាសន៍ថាការដោះស្រាយបញ្ហាដែល EU មើលឃើញក្នុងសំណើ Brexit ថ្មីបំផុត គឺពឹងផ្អែកលើទីក្រុងឡុងមិនមែន EU នោះទេ៕