និមិត្តសញ្ញា BRICS (រូបថត៖ IRNA/TTXVN) |
កិច្ចប្រជុំឆ្នាំនេះ មានការចូលរួមពីគណៈប្រតិភូប្រហែល ២០.០០០ នាក់មកពី ៣៦ ប្រទេស និងតំបន់ដែនដី ក្នុងនោះមានប្រមុខរដ្ឋចំនួន ២២ នាក់រួមជាមួយមេដឹកនាំនៃអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះមានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ផងដែរ។
ជាមួយនឹងប្រធានបទសំខាន់គឺ "ពង្រឹងពហុភាគីនិយមសម្រាប់ការអភិវឌ្ឍ និងសន្តិសុខសកលដោយសមធម៌" សហគមន៍ពិភពលោកគឺផ្តោតអារម្មណ៍ទៅលើទីក្រុង Kazan ដើម្បីតាមដានយថាទស្សន៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសធំៗដូចជា រុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រេស៊ីល និងប្រទេសដទៃទៀតនៅក្នុងបរិបទនៃពិភពលោកដែលបែកបាក់គ្នា និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយជម្លោះប្រដាប់អាវុធដែលកំពុងប្រព្រឹត្តទៅនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។
មេដឹកនាំ BRICS ក៏បានពិភាក្សាអំពីការបង្កើតប្រព័ន្ធហិរញ្ញវត្ថុ និងនយោបាយថ្មីមួយដែលមានលក្ខណៈស្មើគ្នា សមភាព និងមានការគោរពគ្នាទៅវិញទៅមក គាំទ្រគោលការណ៍ពហុភាគី និងពង្រឹងតួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងអភិបាលកិច្ចសកល។ លទ្ធផលនៃកិច្ចប្រជុំកំពូលនេះនឹងពង្រឹងឋានៈរបស់ BRICS នៅលើឆាកអន្តរជាតិ ហើយនឹងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសដែលចូលរួមក្នុងវិស័យជាច្រើន។
សូមគូសបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៦ BRICS មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយកំពុងក្លាយជាបណ្តុំនៃខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។ បច្ចុប្បន្ន BRICS ស្រូបយក ៣៥% នៃសមាមាត្រសេដ្ឋកិច្ចសកល ក៏ដូចជាកាន់កាប់ទីផ្សារដ៏សម្បើមដែលមានមនុស្សជាង ៣ ពាន់លាននាក់ ហើយបានគម្រោងនឹងស្រូបយក ៥០% នៃទ្រង់ទ្រាយសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០៣០៕