នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយវិនិយោគិននៅក្នុងសន្និសីទ (រូបថត៖ chinhphu.vn) |
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើរាល់តម្លៃយុទ្ធសាស្ត្រនៃខេត្ត Cao Bang ព្រមទាំងជឿជាក់ថា Cao Bang នឹងបន្តជំរុញការផ្លាស់ប្ដូរថ្មីនិងការអភិវឌ្ឍនាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា Cao Bang គប្បីផ្តោតទៅលើទិសដៅសំខាន់ចំនួន៣នោះគឺ៖ សេវាកម្មទេសចរណ៍ កសិកម្ម-រុក្ខកម្មដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចច្រកទ្វារព្រំដែន។
ចំពោះការអភិវឌ្ឍវិស័យកសិកម្ម-រុក្ខកម្មដែលអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឧត្តមភាពនៃខេត្ត Cao Bang នោះគឺខេត្តនេះមានតំបន់អេកូឡូស៊ីជាច្រើនដោយមានដំណាំនិងសត្វចិញ្ចឹមដ៏ពិសេសដោយឡែក។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយខេត្ត Cao Bang ជំរុញខ្លាំងនូវការដាំព្រៃឈើនិងការកែច្នៃឈើផងដែរ។
“ខ្ញុំចង់សង្កត់ធ្ងន់លើវិស័យមួយដែលមានប្រភពវត្ថុធាតុដើមនិងទីផ្សារដ៏ធំទូលាយ នោះគឺ វិស័យដាំព្រៃឈើ កែច្នៃឈើ ជាពិសេសគឺគ្រឿងឈើសិប្បកម្មវិចិត្រសិល្បៈដែលមានគុណភាពខ្ពស់ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ គ្រឿងឈើជាមុខទំនិញមួយក្នុងចំណោមមុខទំនិញនាំចេញសំខាន់ៗរបស់វៀត ណាម។ ហេតុដូច្នេះហើយ ការដាំព្រៃឈើ កែច្នៃឈើ ជាពិសេសគឺគ្រឿងឈើសិប្បកម្មវិចិត្រសិល្បៈដើម្បីនាំចេញទៅទីផ្សារបរទេស ក្នុងនោះមានទីផ្សារចិន គឺជាទិសដៅថ្មីដែលយើងត្រូវយកចិត្តទុកដាក់ជាពិសេស”។
ដើម្បីពង្រីកបាននូវឧត្តមភាពនៃតំបន់ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា Cao Bang ចាំបាច់ត្រូវកែលម្អបរិយាកាសធ្វើអាជីវកម្មនិងលទ្ធភាពប្រកួតប្រជែងរបស់ខ្លួន ព្រមទាំងផ្ដោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ៕