លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេស។ (រូបថត៖ VGP) |
នារសៀលថ្ងៃទី៧ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានអញ្ជើញជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមដែលទើបតែត្រូវបានតែងតាំងក្នុងឆ្នាំ២០២០។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់នូវភារកិច្ច “ប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះសេដ្ឋកិច្ចដូចជាប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ហើយសង្កត់ធ្ងន់ថា ការងារសំខាន់បំផុតចំពោះកម្មាភិបាលការទូតនោះគឺស្វែងរកប្រភពធនធានសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងនូវការវាយតម្លៃរបស់ IMF ដែលព្យាករណ៍ថា GDP របស់វៀតណាមក្នុងឆ្នាំ២០២០នឹងសម្រេចបានជាង៣៤០,៦ពាន់លានដុល្លាអាមេរិក ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤នៅអាស៊ីអាគ្នេយ៍។ បណ្ដាដៃគូនិងមិត្តភក្តិអន្តរជាតិសុទ្ធតែវាយតម្លៃខ្ពស់ហើយគោរពតួនាទីនិងឋានៈកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបន្ថែមទៀតថា ក្នុងបរិបទដែលវិទ្យាសាស្ត្របច្ចេកវិទ្យានិងគំរូកំណើនកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លានោះ ប្រសិនបើគ្មានការត្រិះរិះមុតស្រួចក្នុងការអភិវឌ្ឍនោះ គឺមិនអាចតាមទាន់ប្រទេសដទៃបានឡើយ។ ហេតុដូច្នេះ ឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងទាំងអស់ចាំបាច់ត្រូវជ្រួតជ្រាបយ៉ាងពេញលេញនិងជ្រាលជ្រៅនូវគោលជំហរ គោលមាគ៌ារបស់បក្សនិងរដ្ឋស្ដីពីកិច្ចការបរទេស ពហុភាគីនិយម ការធ្វើពិពិធកម្មទំនាក់ទំនង ធ្វើជាមិត្តរបស់បណ្ដាប្រទេស។ វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសនិងតំបន់ដែនដីជាច្រើន ហេតុដូច្នេះ បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងត្រូវការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការទាំងនេះឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ក្នុងនោះ ប្រការសំខាន់បំផុតនោះគឺការស្វែងរកប្រភពធនធានសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ៕