ជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយជប៉ុន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ សីហា នៅវិមានប្រធានរដ្ឋ  លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទទួលជួបគណៈប្រតិភូគណៈបក្ស Komeito ដឹកនាំដោយលោក Yamaguchi Natsuo ប្រធានគណៈបក្ស ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ 

ដំណើរទស្សនកិច្ច បានប្រព្រឹត្តិទៅក្នុងឱកាសដែលប្រទេសទាំងពីរបានរៀបចំសកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។

ជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយជប៉ុន  - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong និងលោក Yamaguchi Natsuo ប្រធានគណៈបក្ស Komeito

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម និងជប៉ុនកំពុងអភិវឌ្ឍន៍កាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាព។ នេះគឺជាមូលដ្ឋានដ៏ល្អ ដើម្បីកំណត់រូបរាងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ។ លោកប្រធានរដ្ឋបានស្នើឲ្យបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្ស Komeito ជប៉ុនបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញការផ្លាស់ប្ដូររវាងប្រជាជន ជាមួយប្រជាជន ជាពិសេសគឺយុវជន។

ជាការឆ្លើយតប លោក Yamaguchi Natsuo មានគោលបំណងថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយមានបំណងទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុននាពេលខាងមុខ។

ជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយជប៉ុន  - ảnh 2ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងលោក Yamaguchi Natsuo ប្រធានគណៈបក្ស Komeito

នាព្រឹកថ្ងៃដដេល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោក Yamaguchi Natsuo។ ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន ជាមួយប្រជាជន សហគ្រាសជាមួយសហគ្រាស និងតំបន់ជាមួយតំបន់។ ភាគីទាំងពីរក៏បានបង្ហាញចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពអនុវត្តន៍ច្បាប់នៅសមុទ្រ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ; ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងថា ជប៉ុននឹងបន្តគាំទ្រទស្សនៈ និងគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ