ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ចំនួនអ្នកស្លាប់និងរង​របួស​លើសពី ១០.០០០​នាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ ខែតុលា កងទ័ពអ៊ីស្រាអែលបានបន្តបង្កើនការវាយប្រហារតាមជើងអាកាស និងបាញ់ផ្លោងទៅលើគោលដៅជាច្រើនក្នុងតំបន់ហ្គាហ្សា។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននាយប់ថ្ងៃទី១១ តុលា បានប្រកាសពីការទទួល "ចំនួនអ្នកស្លាប់និងរបួសជាច្រើននាក់" នៅក្នុងការវាយប្រហារថ្មីបំផុត របស់កងទ័ពអ៊ីស្រាអែល។

មុននោះ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់និងរងរបួសសរុបនៅក្នុងយុទ្ធនាការផ្លូវអាកាសអូសបន្លាយរបស់កងទ័ពអ៊ីស្រាអែល លើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនដល់ជាង ១.១០០នាក់ស្លាប់ និងនិងជាង ៥.០០០នាក់រងរបួស ដែលភាគច្រើនជាជនស៊ីវិល។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ចំនួនអ្នកស្លាប់និងរង​របួស​លើសពី ១០.០០០​នាក់ - ảnh 1អ៊ីស្រាអែលវាយលុកតំបន់ហ្គាហ្សា ជាការសងសឹកក្រុមហាម៉ាស។ រូបថត៖ AP

ជាការឆ្លើយតប កងពលតូច al-Qassam របស់ក្រុមហាម៉ាស បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ទៀត សំដៅទៅលើទីក្រុងជាច្រើនក្នុងប្រទេសអ៊ីស្រាអែល តាំងពីពេលព្រឹករហូតដល់យប់មិញ។ ទូរទស្សន៍ Aljazeera បានបញ្ជាក់ថា ការវាយប្រហារបណ្តាលឱ្យស៊ីរ៉ែនបន្លឺសំឡេងជាច្រើនដងនៅក្នុងទីក្រុង Tel Aviv, Haifa, Ashkelon, Zekim, Asdoud និងតំបន់ជាច្រើនទៀត។ ទោះជាយ៉ាងណាមិនទាន់មានរបាយការណ៍ពីចំនួនអ្នកស្លាប់និងរងរបួសក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសនោះទេ។ អាជ្ញាធរអ៊ីស្រាអែលកាលពីព្រឹកថ្ងៃទី១១ តុលាបានបញ្ជាក់ថា ក្នុងការវាយប្រហារដ៏ធំរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងនៃប្រទេសនេះនៅព្រឹកថ្ងៃទី៧ ខែតុលា មានអ្នកស្លាប់រហូតដល់ ១.២០០នាក់ និង២.៩០០នាក់ផ្សេងទៀតរងរបួស។

ក្នុងពេលជាមួយគ្នានោះ នៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេសអ៊ីស្រាអែល មានការវាយប្រហារពីភាគខាងត្បូងប្រទេសលីបង់ និងភាគខាងកើតប្រទេសស៊ីរីក្នុងពេលដំណាលគ្នា។ កងទ័ពអ៊ីស្រាអែលបានប្រកាសពីការឆ្លើយតបយ៉ាងខ្លាំង ចំពោះការវាយប្រហារទាំងនេះ៕

ប្រតិកម្មទៅវិញ