ជម្លោះហាម៉ាស- អ៊ីស្រាអែល៖ UN ព្រមានពីស្ថានភាពនៅតំបន់​ West Bank ហើយ​បាន​អំពាវនាវឲ្យ​រៃអង្គាសមូលនិធិជំនួយមនុស្សធម៌ជាង ១ ពាន់លានដុល្លារអាមេរិក​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកា អង្គការសហប្រជាជាតិ (UN) បានព្រមានថា ស្ថានភាពនៅតំបន់ West Bank "គួរឱ្យប្រកាសអាសន្ននិងបន្ទាន់ណាស់" ដោយមានការព្រួយបារម្ភពិសេសអំពីស្ថានភាពនៃអំពើហិង្សាដោយអ្នកតាំងទីលំនៅអ៊ីស្រាអែលប្រឆាំងនឹងជនប៉ាឡេស្ទីន។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ (ស្វីស) អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Elizabeth Throssell បានឲ្យដឹងថា ស្ថានភាពនៅតំបន់ West Bank ដែលត្រូវបានទន្ទ្រានកាន់កាប់ រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត កំពុងស្ថិតក្នុងភាពអាសន្ន និងមានប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣២ នាក់ បានសម្លាប់ ដែលក្នុងនោះរួមទាំងកុមារ ៤១ នាក់។

ជម្លោះហាម៉ាស- អ៊ីស្រាអែល៖ UN ព្រមានពីស្ថានភាពនៅតំបន់​ West Bank ហើយ​បាន​អំពាវនាវឲ្យ​រៃអង្គាសមូលនិធិជំនួយមនុស្សធម៌ជាង ១ ពាន់លានដុល្លារអាមេរិក​ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីជម្លោះរវាងអ្នកតាំងទីលំនៅអ៊ីស្រាអែល និងជនប៉ាឡេស្ទីននៅទីក្រុង Nablus តំបន់ West Bank កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ THX/TTXVN

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល Shin Bet បានឲ្យដឹងថា Mustafa Dalul មេបញ្ជាការកងវរសេនាតូច Sabra Tel al-Hawa នៃចលនាអ៊ីស្លាមហាម៉ាស ត្រូវបានកំចាត់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃទី ២ ខែវិច្ឆិកា។ Mustafa Dalul បានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រឆាំង IDF របស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ លើសពីនេះ IDF បានប្រកាសពីការកំចាត់មុខសញ្ញាមួយចំនួនទៀត ហើយបានរកឃើញ និងរឹបអូសសព្វាវុធនិងឧបករណ៍ជាច្រើនរបស់ក្រុមហាម៉ាស។

នាថ្ងៃទី ៣ វិច្ឈិការ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមកដល់អ៊ីស្រាអែល ដែលជាទីបង្អង់ដំបូងក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មជ្ឈិមបូព៌ា។ នៅទីនេះ រដ្ឋមន្ត្រី Antony Blinken បានអះអាងសារជាថ្មីអំពីសិទ្ធិស្វ័យការពាររបស់អ៊ីស្រាអែល ប៉ុន្តែក៏បានអំពាវនាវឱ្យប្រទេសនេះចាត់វិធានការចាំបាច់ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា។ រដ្ឋមន្ត្រី Blinken បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការស្វែងរក និងជួយសង្គ្រោះចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់ឃុំខ្លួន រួមទាំងពលរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ។

នារសៀលថ្ងៃដដែល មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានថ្លែងសុន្ទរកថាសាធារណៈជាលើកដំបូងនៅលើប៉ុស្តិ៍ទូរទស្សន៍ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី ២ ខែតុលា។ នៅក្នុងសារដែលផ្ញើទៅកាន់អាមេរិក មេដឹកនាំក្រុម Hezbollah បានប្រកាសថា "អ្នកណាក៏ដោយ ដែលចង់ទប់ស្កាត់ការពង្រីកសង្គ្រាមទៅកាន់រណសិរ្សផ្សេងទៀតនៅក្នុងតំបន់ ត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានលើតំបន់ហ្គាហ្សា"។

ជាមួយគ្នានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានសម្តែងនូវប្រតិកម្ម " រន្ធត់ទាំងស្រុង" ចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ីស្រាអែលទៅលើរថយន្តសង្គ្រោះបន្ទាន់នៅខាងក្រៅមន្ទីរពេទ្យ Al-Shifa ដែលជាកន្លែងព្យាបាលដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា៕

 

ប្រតិកម្មទៅវិញ