ចិននិងអាមេរិក បើកកិច្ចសន្ទនាគោលនយោបាយការពារជាតិ

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៤ និងថ្ងៃទី១៥ ខែកញ្ញា មន្ត្រីមកពីក្រសួងការពារជាតិចិន និងក្រសួងការពារជាតិអាមេរិកបានបើកកិច្ចសន្ទនាសម្របសម្រួលគោលនយោបាយការពារជាតិចិន-អាមេរិកលើកទី១៨ នៅទីក្រុងប៉េកាំង ប្រទេសចិន។

លោក Michael Chase ឧបការីរងក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូអាមេរិកចូលរួមក្នុងកិច្ចសន្ទនានេះ។ ភាគីចិនតំណាងដោយឧត្តមសេនីយទោ Song Yanchao អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិលើវិស័យការពារជាតិនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ចិន។ កិច្ចសន្ទនានេះធ្វើឡើងបន្ទាប់ពីលោក Chase បានចូលរួមវេទិកា Xiangshan ក្នុងទីក្រុងប៉េកាំង។

យោងតាមក្រសួងការពារជាតិចិន ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងហ្មត់ចត់អំពីទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ ការផ្លាស់ប្តូរយោធាក្នុងដំណាក់កាលបន្ទាប់ ក៏ដូចជាបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ទៅវិញទៅមក។

នៅដើមឆ្នាំនេះ កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី ១៧ រវាងចិន និងអាមេរិកបានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋ អាមេរិក) បន្ទាប់ពីផ្អាករយៈពេល ២ ឆ្នាំ ដោយសារទំនាក់ទំនងតានតឹងរវាងប្រទេសទាំងពីរ។ នៅក្នុងកិច្ចសន្ទនានោះ ប្រទេសចិនបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការអភិវឌ្ឍទំនាក់ទំនងការពារជាតិប្រកបដោយតម្លាភាព និងស្ថិរភាពជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋាននៃសមភាព និងការគោរព ហើយរួមគ្នាអនុវត្តការឯកភាពគ្នាទាក់ទងនឹងវិស័យយោធា ដែលមេដឹកនាំនៃប្រទេសទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល ទីក្រុង San Francisco កាលពីខែវិច្ឆិកាកន្លងទៅ៕

ប្រតិកម្មទៅវិញ