គ្រោះ​​រញ្ជួយដីនៅទួរគី និងស៊ីរី៖ បណ្តា​ប្រទេសជំរុញសកម្មភាពជួយសង្គ្រោះ

Chia sẻ
(VOVWORLD) - បណ្តាប្រទេសកំពុងជំរុញសកម្មភាពស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដោយការរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរី កាលពីថ្ងៃទី ៦ ខែកុម្ភៈ។
គ្រោះ​​រញ្ជួយដីនៅទួរគី និងស៊ីរី៖ បណ្តា​ប្រទេសជំរុញសកម្មភាពជួយសង្គ្រោះ - ảnh 1ការស្វែងរកនិងសង្គ្រោះជនរងគ្រោះបន្ទាប់ពីការរញ្ជួយដី នៅក្រុង Antakya ខេត្ត Hatay ប្រទេសទួរគី ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៣ ។ (រូបថត៖ THX/TTXVN)

នាថ្ងៃទី ១២ ខែកុម្ភៈ ប្រទេសលីប៊ីបានបញ្ជូនយន្តហោះចំនួន ២ គ្រឿងដឹកទំនិញជួយសង្គ្រោះទៅកាន់ប្រទេសស៊ីរីនិងទួរគី សំដៅជួយដោះស្រាយផលវិបាកនៃគ្រោះរញ្ជួយដី។ បើតាមអាជ្ញាធរលីប៊ី ក្រៅពីទំនិញជួយសង្គ្រោះ ប្រទេសនេះក៏បានបញ្ជូនបុគ្គលិកសុខាភិបាល កម្លាំងជួយសង្គ្រោះចំនួន ៧០ នាក់ទៅកាន់ប្រទេសទាំងពីរខាងលើផងដែរ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថាន (NDMA) បានអះអាងថា ទំនិញជួយសង្គ្រោះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសទួរគីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ តាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif។ រដ្ឋាភិបាលប៉ាគីស្ថានក៏បានបែងចែកទឹកប្រាក់ចំនួន ១០ ពាន់លាន rupee (៣៧,១៤ លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការរញ្ជួយដីនៅប្រទេសតួកគី ហើយបានបង្កើតការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវសមុទ្រដើម្បីអនុវត្តការងារជួយសង្គ្រោះ។

ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី ១២ កុម្ភៈ ព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទួរគី និងបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Reccep Tayip Erdogan។ កាតាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបញ្ជូនទំនិញជួយសង្គ្រោះទៅកាន់ទួរគី បន្ទាប់ពីការរញ្ជួយដីកាលពីដើមសប្តាហ៍មុន។

គ្រោះ​​រញ្ជួយដីនៅទួរគី និងស៊ីរី៖ បណ្តា​ប្រទេសជំរុញសកម្មភាពជួយសង្គ្រោះ - ảnh 2ការស្វែងរកនិងសង្គ្រោះជនរងគ្រោះបន្ទាប់ពីការរញ្ជួយដី នៅក្រុង Antakya ខេត្ត Hatay ប្រទេសទួរគី ថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៣ ។ (រូបថត៖ THX/TTXVN)

ប្រទេសកាតា នាថ្ងៃទី ១២ ខែកុម្ភៈ ក៏បានឲ្យដឹងថា ប្រទេសនេះនឹងជួយដល់ប្រទេសទួរគី និងស៊ីរីនូវកាប៊ីន និងរថយន្តបោះជំរុំចំនួន១០.០០០គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០២២ (World Cup ២០២២) ដើម្បីធ្វើជាទីលំនៅសម្រាប់ប្រជាជនបន្ទាប់ពីគ្រោះរញ្ជួយដី។

តាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ មានមនុស្សរាប់លាននាក់បានបាត់បង់លំនៅឋាន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រ ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ៣៣.០០០ នាក់ រហូតមកដល់ពេលបច្ចុប្បន្ន៕

 

ប្រតិកម្មទៅវិញ