គំនិតផ្តួចផ្តើមអំពី COVID-19 នៃសាកលវិទ្យាល័យចំនួន ៤ របស់វៀតណាម ទទួលបានជំនួយឧបត្ថម្ភពីអង្គការសាកលវិទ្យាល័យភាសាបារាំង

Chia sẻ
(VOVWORLD) - យោងតាមព័ត៌មានពីអង្គការសាកលវិទ្យាល័យភាសាបារាំងថា វៀតណាមមានគំនិតផ្តួចផ្តើមចំនួន ៤ ពីសាកលវិទ្យាល័យដែលបានជ្រើសរើសដើម្បីទទួលជំនួយឧបត្ថម្ភពីមូលនិធិឆ្លើយតបជំងឺរាតត្បាត COVID-19 នៃអង្គការនេះ។ 

សាលាទាំង៤រួមមាន៖ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ; សាកលវិទ្យាល័យស្ថាបត្យកម្មទីក្រុងហូជីមិញ; សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយនិងសាកលវិទ្យាល័យ Da Nang។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក វៀតណាមគឺជាប្រទេសដែលមានគម្រោងជាច្រើនត្រូវបានជ្រើសរើសផងដែរ។

ជាក់ស្តែងគឺ គំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញបានអនុញ្ញាតិឱ្យមន្ទីរពិសោធន៍ បង្កើតឧបករណ៍ធ្វើតេស COVID-19 ដែលមានតម្លៃថោក ទទួលបានលទ្ធផលឆាប់រហ័សនិងត្រឹមត្រូវ។

សាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយ សហការជាមួយមន្ទីរពេទ្យ Bach Mai បើកដំណើរការគម្រោងឧបករណ៍ដឹកអ្នកជំងឺ ដោយជួយសហគមន៍និងបុគ្គលិកសុខាភិបាល ចៀសវាងហានិភ័យនៃការឆ្លង ក្នុងកំឡុងពេលផ្ទេរអ្នកជំងឺ COVID-19។

សាកលវិទ្យាល័យ Da Nang ក៏ចូលរួមក្នុងការផលិតឧបករណ៍វេជ្ជសាស្ត្រ ដែលជួយកំណត់ការឆ្លងពីគ្នា រវាងអ្នកជំងឺនិងបុគ្គលិកពេទ្យ ដោយមានគំនិតផ្តួចផ្តើមមនុស្សយន្តបម្រើអ្នកជំងឺនៅតំបន់ដាក់ដាច់ដោយ ឡែក។

ចំណែកឯសាកលវិទ្យាល័យស្ថាបត្យកម្មទីក្រុងហូជីមិញបានដាក់ចេញនូវកម្មវិធីផ្តួចផ្តើម Foldable Aerosol Box ដើម្បីជួយការពារការឆ្លងវីរុស តាមរយៈដំណក់ខ្យល់និងដំណក់ទឹកក្នុងអាកាសផងដែរ។

គម្រោងទាំង ៤ របស់វៀតណាមត្រូវបានជ្រើសរើសពីក្នុងចំណោមសំណុំឯកសារចំនួន ២,០០០ ដែលបានផ្ញើមកពី ៧៩ ប្រទេសនៅលើពិភពលោក ក្នុងក្របខ័ណ្ឌនៃមូលនិធិជួយឧបត្ថម្ភអន្តរជាតិ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃ COVID-19 នៃសាកលវិទ្យាល័យភាសាបារាំង។ មូលនិធិនេះមានទឹកប្រាក់សរុបចំនួន ១ លានអឺរ៉ូ ក្នុងគោលបំណងបង្កើនការចូលរួមចំណែករបស់សាកលវិទ្យាល័យនានាក្នុងការបង្កើតដំណោះស្រាយ ដើម្បីជួយឧបត្ថម្ភដល់ប្រព័ន្ធសុខាភិបាលនិងប្រជាជន ឆ្លើយតបនឹងការលំបាក ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺរាតត្បាត COVID-19៕

ប្រតិកម្មទៅវិញ