ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ (រូបថត៖ Thong Nhat/TTXVN) |
នាថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃសប្តាហ៍ កិច្ចប្រជុំកំពូល APEC ២០២១ និងសំណើរក៏ដូចជាការរួមចំណែករបស់វៀតណាមក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang បានឲ្យដឹងថា ក្នុងសប្តាហ៍កំពូលនេះ លោកប្រធានរដ្ឋ Nguyen លោក Xuan Phuc និងគណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសំខាន់ៗរបស់ APEC រួមមាន កិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៨ សម័យសន្ទនារវាងថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ជាមួយក្រុមប្រឹក្សាពិគ្រោះយោលបល់ធុរកិច្ច APEC (ABAC) និងកិច្ចប្រជុំកំពូលធុរកិច្ច APEC។ សាររបស់វៀតណាមនៅក្នុងកិច្ចប្រជុំទាំងអស់នេះ គឺ បញ្ជាក់ថា APEC បន្តជាវេទិកាតំបន់ដោយមានសំឡេង ដើរតួនាទីជំរុញពហុភាគីនិយម និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីជំនះការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយស្តារឡើងវិញយ៉ាងឆាប់រហ័ស អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពនិងបន្តជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។
លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានអះអាងថា សាររបស់វៀតណាមគឺសមស្របនឹងមតិរបស់ថ្នាក់ដឹកនាំ។ រាល់គំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងនៅក្នុងឯកសារ APEC រួមទាំងសេចក្តីថ្លែងការណ៍កម្រិតខ្ពស់ APEC សេចក្តីថ្លែងការណ៍របស់ថ្នាក់រដ្ឋមន្ត្រី APEC ក៏ដូចជាផែនការសកម្មភាពអនុវត្តន៍ចក្ខុវិស័យ APEC ២០៤០ ផងដែរ។ ប្រការនេះបង្ហាញពីការរួមចំណែកប្រកបដោយការទទួលខុសត្រូវ វិជ្ជមាននិងម្ចាស់ការរបស់វៀតណាម ដែលជាសមាជិកសកម្ម និងឈានមុខគេរបស់ APEC ក្នុងការកសាង និងពង្រឹងសាមគ្គីភាពក្នុង APEC សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់អនាគតនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព និងស្ថិរភាព៕