ក្រុមប្រទេស G7 មានឱកាសក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្រក្នុងវិស័យថាមពលកកើតឡើងវិញនៅវៀតណាម

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានអញ្ជើញនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលក្រុម G7 ក្នុងខែមិថុនា។ ប្រធានបទមួយក្នុងចំណោមប្រធានបទស្នូលៗនៃកិច្ចប្រជុំលើកនេះគឺបម្រែបម្រួលអាកាសធាតុ មហាសមុទ្រនិងថាមពលស្អាត។ 
ក្រុមប្រទេស G7 មានឱកាសក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្រក្នុងវិស័យថាមពលកកើតឡើងវិញនៅវៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters ស្ដីពីវិធានការរបស់វៀតណាមសំដៅជំរុញនិងបង្កភាពងាយស្រួលសំរាប់ការអភិវឌ្ឍនិងការវិនិយោគចូលក្នុងវិស័យថាមពលស្អាតនិងថាមពលកកើតឡើងវិញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមកំពុងអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍថាមពលកកើតឡើងវិញដល់ឆ្នាំ២០៣០និងទស្សនៈវិស័យដល់ឆ្នាំ២០៥០។ គោលដៅជាក់ស្ដែងមួយចំនួននៃយុទ្ធសាស្ត្រនេះរួមមាន៖ បន្ធូរស្រាលការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយការប្រើប្រាស់ធ្យូងចំនួន៤០លានតោននិងប្រេងចំនួន៣,៧លានតោនក្នុងឆ្នាំ២០៣០ បង្កើនបរិមាណផលអគ្គីសនីដែលបានផលិតពីថាមពលកកើតឡើងវិញ ឡើងដល់ទៅ១៨៦ពាន់លាន kWh នាឆ្នាំ២០៣០ និងបង្កើនអត្រាគ្រួសារដែលមានឧបករណ៍ប្រើប្រាស់ថាមពលព្រះអាទិត្យឡើងទៅយ៉ាងហោចណាស់២៦%នាឆ្នាំ២០៣០។

        ស្ដីពីប្រធានបទថាមពលស្អាត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបាននិងកំពុងអនុវត្តន៍យន្តការ គោលនយោបាយជាច្រើន សំដៅទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅប្រទេសមកធ្វើអាជីវកម្មលើវិស័យនេះ។

        លោក Nguyen Xuan Phuc អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសហការនិងបង្កភាពងាយស្រួលសំរាប់ដៃគូទាំងអស់ ហើយជឿជាក់ថា វិនិយោគិននៃក្រុមប្រទេស G7 នឹងមានឱកាសជាច្រើនដើម្បីក្លាយទៅជាវិនិយោគិនយុទ្ធសាស្ត្រក្នុងវិស័យថាមពលកកើតឡើងវិញនៅវៀតណាម៕

ប្រតិកម្មទៅវិញ