ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបពិភាក្សាអំពីបញ្ហាមជ្ឈឹមបូព៌ា។ (រូបថត៖ UN) |
នៅក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យបញ្ឈប់ការទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលចំពោះតំបន់ដែនដីប៉ាឡេស្ទីន រួមទាំងតំបន់តាំងទីលំនៅខុសច្បាប់ ហើយបានអះអាងនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរដើម្បីដោះស្រាយជម្លោះ។ រដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីន លោក Riyad Al-Maliki បានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការបន្ថែមទៀត ដើម្បីបង្ខំឲ្យអ៊ីស្រាអែលត្រូវទទួលខុសត្រូវចំពោះទង្វើកាន់កាប់ទៅលើដែនដីប៉ាឡេស្ទីន នៅតំបន់Westbank និងយេរូសាឡឹមខាងកើត។ នៅក្នុងកិច្ចប្រជុំនេះដែរ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិស្តីពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា លោក Tor Wennesland បានអំពាវនាវឱ្យប៉ាឡេស្ទីន និងអ៊ីស្រាអែលមានភាពអត់ធ្មត់ក្នុងរាល់សកម្មភាពដែលអាចធ្វើឲ្យអំពើហឹង្សាឡើងជណ្ដើរនិងរារាំងកិច្ចខិតខំប្រឹងប្រែងសម្រេចឲ្យបានដំណោះស្រាយសន្តិវិធីសម្រាប់ជម្លោះ៕