យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោក Hossein Amir-Abdollahian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ជិតសម្រេចបានកិច្ចព្រមព្រៀងមួយនៅក្នុងការចរចាទាំងនេះ។ អ៊ីរ៉ង់បានផ្ញើរសំណើរបស់ខ្លួនលើបញ្ហាដែលនៅតែមានទៅកាន់ភាគីអាមេរិក តាមរយៈមន្ត្រីចរចាជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ហើយឥឡូវនេះ គ្រាប់បាល់គឺនៅខាងអាមេរិក។ គណៈប្រតិភូអ៊ីរ៉ង់ និងអាមេរិកនៅទីក្រុងវីយែនមិនទំនាក់ទំនងដោយផ្ទាល់នោះទេ ប៉ុន្តែបានផ្ញើរសារតាមរយៈភាគីហត្ថលេខីផ្សេងទៀតនៃ JCPOA និងសហភាពអឺរ៉ុបដែលជាអ្នកសម្របសម្រួលការចរចានេះ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២១ អ៊ីរ៉ង់និងប្រទេសហត្ថលេខីលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ក្រុម P៥+១ បានធ្វើការចរចារជាច្រើនលើកនៅទីក្រុងវីយែន ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើងវិញ៕