កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងម៉ាឡេស៊ីបានក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងអាស៊ាននិងក្នុងតំបន់

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaacob ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងម៉ាឡេស៊ីបានក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងអាស៊ាននិងក្នុងតំបន់ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaacob (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Dato' Sri Ismail Sabri bin Yaacob បានជម្រាបជូនលោកប្រធានរដ្ឋ Nguyen Xuan Phuc អំពីលទ្ធផលសំខាន់ៗនៃកិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពលកម្ម ដោយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រ ដំណាក់កាល ២០២១ - ២០២៥ ព្រមទាំងសម្របសម្រួលក្នុងការអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាសំខាន់ៗរវាងនាយករដ្ឋមន្ត្រីទាំងពីររូប ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី Ismail Sabri Yaacob លើកទឹកចិត្តសហគ្រាសម៉ាឡេស៊ី ពង្រីកការវិនិយោគលើវិស័យដែលវៀតណាមផ្តល់អាទិភាពខ្ពស់ ដូចជា បច្ចេកវិទ្យា នវានុវត្តន៍ ស្រាវជ្រាវនិងអភិវឌ្ឍន៍ រួមទាំងជំរុញសេដ្ឋកិច្ចឌីជីថល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញមិនចេះឈប់ឈរនូវការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា ភាគីទាំងពីរនឹងបន្តគាំទ្រ និងសហការយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ វេទិកាតំបន់ និងអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង វៀតណាមនិងម៉ាឡេស៊ីបានក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្នុងតំបន់ ជាមួយនឹងទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២១ ឈានដល់ ១២,៥២ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥,៣% បើធៀបនឹងឆ្នាំ ២០២០ ហើយ ឡេស៊ីគឺជាអ្នកវិនិយោគធំទីពីររបស់វៀតណាមក្នុងអាស៊ាន ជាមួយនឹងការវិនិយោគសរុប ១៣ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ